(ភ្នំពេញ)៖ ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ នេត វន្ថា នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញមកបំភ្លឺជូនសាធារណជន និងថ្នាក់ដឹកនាំឲ្យបានជ្រាបច្បាស់ ដើម្បីកុំឲ្យយល់ច្រឡំជុំវិញករណីជនជាតិចិន បើករថយន្ដស៊ីរ៉េនពន្លត់អគ្គិភ័យ នៅខេត្តព្រះសីហនុ ហើយត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួន។
បើតាមលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាន ជនជាតិចិនទាំង២នាក់នោះ ជាបុគ្គលិករបស់ក្រុមហ៊ុន «ហ្គោលដេន អ៊ីហ្គល ហ្វាអឺ ខិនត្រូល ខេមបូឌា» ដែលបានចុះកិច្ចសន្យាសហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីត្រួតពិនិត្យឧបករណ៍បច្ចេកទេស និងប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ នៅតាមគោលដៅ និងកន្លែងប្រកបអាជីវកម្មនានា។
នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ បានចាត់បញ្ជូនមន្ដ្រីនគរបាលជំនាញអគ្គិភ័យម្នាក់ និងជាអ្នកបើកបរផងដែរ ដោយសហការជាមួយក្រុមហ៊ុន «ហ្គោលដេន អ៊ីហ្គល ហ្វាអឺ ខិនត្រូល ខេមបូឌា» ដើម្បីទៅពិនិត្យទីតាំងមួយកន្លែង នៅក្នុងខេត្តព្រះសីហនុ ដែលបានស្នើសុំបំពាក់ប្រព័ន្ធសុវត្ថិភាពបង្ការ ពន្លត់អគ្គិភ័យ។ នេះជាការបញ្ជាក់បន្ថែមពីលោកឧត្តមសេនីយ៍ទោ នេត វន្ថា។
លោក នេត វន្ថា បានបញ្ជាក់យ៉ាងច្បាស់ថា «តាមពិតរថយន្ដស៊ីរ៉េនខាងលើ គឺនាយកដ្ឋាន បានចាត់ឲ្យមន្ដ្រីនគរបាលអគ្គិភ័យម្នាក់ ជាអ្នកបើកបរ ប៉ុន្ដែដោយសារ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ មន្ដ្រីអ្នកបើកបរមានធុរៈចាំបាច់ត្រូវមកភ្នំពេញ បានទុកសោរថយន្ដឲ្យនាយកក្រុមហ៊ុនជាជនជាតិចិន ដើម្បីងាយស្រួល នៅពេលម្ចាស់សណ្ឋាគារតម្រូវឲ្យប្ដូរចំណត ក្រោយមកជនជាតិចិនមានបំណងរកកន្លែងហូបបាយនៅខាងក្រៅ ក៏បើករថយន្ដចេញមកត្រូវនគរបាលចរាចរ ឃាត់ទុកតែម្ដង»។
សូមជម្រាបថា នៅវេលាម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ លើផ្លូវ២ធ្នូ ត្រង់ណុចកែងគុជអាស៊ី ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ប្រចាំនៅគោលដៅនោះ បានឃាត់រថយន្ត០១គ្រឿង ម៉ាក HILUX VIGO ពណ៌ខ្មៅ ពាក់ផ្លាកលេខនគរបាល 2-7070 បើកបរដោយជនជាតិ ចិន ឈ្មោះ HUANG CHENG អាយុ៣២ឆ្នាំ មានបណ្ណបើកបរកម្ពុជា ប្រភេទ ខ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ មានសុពលភាពថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ និងមានអ្នករួមដំណើរម្នាក់ ឈ្មោះ CHEN LU អាយុ២៦ឆ្នាំ ស្នាក់នៅភ្នំពេញ៕