(ភ្នំពេញ)៖ ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជា ដែលជាពិព័រណ៍អន្តរជាតិ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ICVeX Co Ltd សហការជាមួយសមាគមស្ថាបត្យករកម្ពុជា បានវិលត្រឡប់មកវិញសារជាថ្មី សម្រាប់ភាពជោគជ័យក្នុងឆ្នាំទី៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ ២៦ ខែឧសភានៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
រាជធានីភ្នំពេញ។ ពិព័រណ៍ ដែលមានរយៈពេលបីថ្ងៃនេះ នឹងនាំមកនូវយីហោល្បីៗឈានមុខគេជាង ១៥០ ទំាងក្នុងស្រុក និងអន្តរជាតិ ដើម្បីដាក់បង្ហាញពីផលិតផល និងភាពច្នៃប្រឌិតថ្មីបំផុត របស់ពួកគេដល់អ្នកចូលរួមទស្សនា មកពីវិស័យស្ថាបត្យកម្ម ការរចនាផ្ទៃខាងក្នុង ការអភិវឌ្ឍអចលនទ្រព្យ និងសំណង់ក៏ដូចជាម្ចាស់ផ្ទះ និងអ្នកជំនាញ ផ្នែកឧស្សាហកម្មមួយនេះ។
លោក Chinakit Viphavakit ប្រធានគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន ICVeX បានថ្លែងថា «សម្រាប់ពិព័រណ៍លើកទី៣ ក្នុងឆ្នាំនេះ យើងនឹងផ្តល់ឱកាសជាច្រើន ដល់អ្នកចូលរួម ក្នុងការសិក្សារៀនសូត្រ។ យើងចង់បំផុសគំនិតដល់ប្រជាជនកម្ពុជា និងផ្តល់គំនិតនិងចំណេះដឹង ដល់ពួកគេនូវវិធីសាស្រ្តក្នុងការរចនា កន្លែងធ្វើការ និងការរស់នៅរបស់ពួកគេ បានកាន់តែល្អប្រសើរ»។
ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជាឆ្នាំ ២០១៨ ក្រោមប្រធានបទ «ការរចនាកន្លែងធ្វើការ និងការរស់នៅកាន់តែប្រសើរ» ដែលមានក្រុមហ៊ុនថ្នាំលាប Jotun ជាអ្នកឧបត្ថម្ភការតុបតែង អនុញ្ញាតិឲ្យក្រុមហ៊ុនតាំងពិព័រណ៍ ទំាងអស់មានឱកាស ដើម្បីធ្វើការទំនាក់ទំនង និងចែករំលែកចំណេះដឹង ដោយផ្ទាល់ជាមួយអ្នកចូលរួមទស្សនា ជាច្រើនកុះករ។ ក្នុងឆ្នាំ ២០១៧ ការតាំងពិព័រណ៍នេះ បានស្វាគមន៍ភ្ញៀវចំនួន ៤,៣០៩ នាក់ដែលតួលេខនេះ មានការកើនឡើង ២៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
ព្រឹត្តិការណ៍នេះ ក៏នឹងជាម្ចាស់ផ្ទះនៃសិក្ខាសាលា ដ៏មានសក្តានុពលរយៈពេល៣ថ្ងៃ ក្រោមការគាំទ្រ ដោយសមាគមស្ថាបត្យករកម្ពុជា ដោយមានការរៀបចំ និងធ្វើបទបង្ហាញ ដែលមានគោលបំណងអប់រំ និងការកំសាន្ត រួមទាំងការប្រកួតប្រជែង លើការរចនាសម្រាប់សិស្សានុសិស្ស និងសកម្មភាពផ្សេងៗទៀតផងដែរ។
ការបង្ហាញក្រោមប្រធានបទ «ស្ថាបត្យកម្មសម្រាប់មនុស្ស» ជាមួយលក្ខណៈពិសេសេ នៃសិក្ខាសាលានេះ រួមបញ្ចូលទាំងចំណុចសំខាន់ៗមួយចំនួនទៀតដោយ លោក ទូស សាភឿន អគ្គលេខាធិការរង គណៈវិស្វករកម្ពុជា លោក ហ៊ុន ចាន់សាន ស្ថាបនិក និងស្ថាបត្យករជាន់ខ្ពស់នៃក្រុមហ៊ុន Re-Edge Architecture + Design និងលោក Takashi Niwa ស្ថាបនិកនៃក្រុមហ៊ុន Takashi Niwa Architects។
កម្មវិធីនេះ ក៏ផ្តល់ឱកាសផ្តាច់មុខផងដែរ ដើម្បីជជែកពិភាក្សាជាមួយភ្ញៀវ វីអាយភី វាគ្មិន និងក្រុមហ៊ុនតាំងពិព័រណ៍ នៅក្នុងពិធីទទួលទានអាហារពេលល្ងាច របស់ស្ថាបត្យករកម្ពុជាឆ្នាំ ២០១៨ នៅថ្ងៃទី ២៤ ខែឧសភានៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ កម្មវិធីនេះសមស្របសម្រាប់អ្នកអភិវឌ្ឍន៍ អ្នករចនា ស្ថាបត្យករ និងអ្នកតុបតែង សម្រាប់សំបុត្រចូលរួមមានតម្លៃ ៤០ ដុល្លារក្នុងម្នាក់។ សំបុត្រអាចជាវបានតាមរយៈគេហទំព័រ cambodiaarchitectdecor.com។
ជាមួយនឹងចំនួនអ្នកទិញ អចលនទ្រព្យកម្ពុជា កាន់តែច្រើនឡើងៗ ដែលបង្ហាញពីតម្រូវការសម្រាប់គម្រោង លំនៅដ្ឋានដែលមានគុណភាពខ្ពស់ និងមានក្រុមហ៊ុនទំាងក្នុងស្រុក និងក្រៅស្រុកជាច្រើន កំពុងសំឡឹងរកមើលការផ្លាស់ប្តូរ ទីតាំងថ្មីទៅការិយាល័យកម្រិត A ហើយឆ្នាំ ២០១៨ សន្យាថា នឹងក្លាយជាការរំពឹងទុក និងភាពទាន់សម័យបំផុត សម្រាប់ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជា។
លោក វ៉ា វីរៈ សហស្ថាបនិក និងជានាយកប្រតិបត្តិ នៃភ្នាក់ងារមូលប័ត្រក្នុងស្រុក Century 21 Fortuna Investment បានថ្លែងថា «វិស័យពាណិជ្ជកម្ម អគារលំនៅដ្ឋាន ឧស្សាហកម្ម និងបដិសណ្ឋារកិច្ច កំពុងមានភាពរីកចម្រើនខ្លាំង នៅកម្ពុជា ហើយកន្លែងទាំងនោះ សុទ្ធសឹងតែមានទំនាក់ទំនង ជាមួយនឹងកន្លែងដែលយើងធ្វើការ និងរស់នៅ»។ តួនាទីដ៏សំខាន់របស់ស្ថាបត្យករ អ្នករចនា និងអ្នកតុបតែង នឹងត្រូវបានបន្ថែមតម្លៃ ដល់អគារដោយធ្វើឲ្យអាគារទំាងនោះ កាន់តែមានភាពទាក់ទាញ មានតម្លៃ និងប្លែកពីគេ៕