(ភ្នំពេញ)៖ ក្រុមហ៊ុន «ខេមហ្គោ», ក្រុមហ៊ុន «ស្រ៊ីវិលម៉ូទ័រ សីវិល ប្រឹវ៉ាយឌើរ» និងក្រុមហ៊ុន «ធីវីអេស» បានប្រកាសចាប់ដៃគ្នា នាំចូលម៉ូតូកង់បីម៉ាក់ «TVS KING» ចូលក្នុងទីផ្សារប្រទេសកម្ពុជា ដើម្បីពង្រឹង និងពង្រីកផ្នែកសេវាដឹកភ្ញៀវនៅកម្ពុជា ឲ្យមានភាពកាន់តែទូលំទូលាយ សេវាកម្មល្អ មានទំនុកចិត្ត និងតម្លៃសមរម្យ។
លោក ម៉ានូច វ៉ាម៉ា គណៈគ្រប់គ្រងនៃក្រុមហ៊ុន ស្រ៊ីវិល ម៉ូទ័រ សីវិល ប្រីវ៉ាយឌើរ» បានថ្លែងថា បន្ទាប់ពីទស្សនកិច្ចរបស់លោកមកប្រទេសកម្ពុជាជាច្រើនសារ ក្នុងអំឡុងពេល៣ឆ្នាំ ចុងក្រោយនេះ លោកបានយល់ឃើញ ពីតម្រូវការពីផ្នែកដឹកជញ្ជូនអ្នកដំណើរ ដែលអាចផ្ដល់សុវត្ថិភាព ជឿទុកចិត្ត និងតម្លៃសមរម្យ។
លោក ម៉ានូច វ៉ាម៉ា បន្ដថា «លោកមានការចាប់អារម្មណ៍ ក្នុងការទិញម៉ូតូកង់បីនេះ ពីប្រទេសឥណ្ឌា ដើម្បីជួលឲ្យអ្នកប្រកបរបរដឹកភ្ញៀវណា ដែលពុំមានលិទ្ធិភាពទិញ ម៉ូតូកង់បីមករត់ ហើយក៏មានសហការជាមួយ ខេមហ្គោ ក្នុងការផ្ដល់សេវាហៅយានជំនិះ តាមរយៈប្រព័ន្ធទូរស័ព្ទដើម្បីសម្រួលដល់ការរកភ្ញៀវ»។
លោក វ៉ា ចាន់ដូរ៉េ គណៈគ្រប់គ្រង នៃក្រុមហ៊ុន ស្រ៊ីវិល ម៉ូទ័រ សិវិល ប្រីវ៉ាយឌើរ ក៏បានបន្ថែមផងដែរថា មូលហេតុដែលក្រុមហ៊ុន ជ្រើសរើសយក «TVS KING» នេះ ក៏ព្រោះតែគុណភាពខ្ពស់ រូបរាងស្អាត និងទំហំទូលាយ ជាងម៉ូតូកង់បីផ្សេងទៀត។
លោកបានបញ្ជាក់ថា «ជាពិសេសនេះ គឺជាឱកាសពិសេសមួយ សម្រាប់បងប្អូន ដែលរត់ម៉ូតូដុប ឫរ៉ឺម៉កខ្មែរ ទាំងអស់ ដែលមានបំណងចង់ប្ដូរ មកប្រើម៉ូតូកងបីនេះ ប៉ុន្ដែពុំមាន លទ្ធភាពក្នុងការទិញផ្ដាច់នោះទេ គឺអាចធ្វើការជួលពីក្រុមហ៊ុន បានដោយមានតម្លៃទាប»។
លោក អ ដេលីព (R Delip) អនុប្រធានជាន់ខ្ពស់ ផ្នែកពាណិជ្ជកម្មអន្ដរជាតិ នៃក្រុមហ៊ុន ធីវីអេស ម៉ូទ័រ បានថ្លែងថា «ពួកយើង ផ្ដោតសំខាន់បំផុត ទៅលើការផ្ដល់យាន្ដជំនិះ ដែលមានគុណភាពសមស្រប ទៅនឹងតម្រូវការអតិថិជន ដែលពួកយើងកំពុងដំណើការជាង ៦០ ប្រទេស ក្នុងសកលលោក»។
លោកថា «ប្រទេសកម្ពុជា គឺជាទីផ្សារដ៏សំខាន់មួយ សម្រាប់ពួកយើង ហើយម៉ូតូកង់បីទាំងនេះ ជាចំណែកដ៏ធំមួយ នៃប្រព័ន្ធដឹកជញ្ជូនសម្រាប់ប្រទេសនេះ។ ពួកយើងមាន ការរីករាយខ្លាំងណាស់ ដែលបានសហការជាមួយស្រ៊ីវិល ម៉ូទ័រ និងខេមហ្គោ ក្នុងការធ្វើឲ្យ TVS KING មានវត្ដមាននៅក្នុងទីផ្សារកម្ពុជា»។
ដោយឡែកលោក អ៊ុក ជីបសួន នាយកប្រតិបត្តិនៃក្រុមហ៊ុន ខេមហ្គោ បានឲ្យដឹងថា ការសហការនេះ ជាផ្នែកមួយ បានជំរុញឲ្យខេមហ្គោ បានសម្រេចនូវគោលដៅបន្ថែមទៀត ក្នុងការផ្ដល់សេវាដឹកអ្នកដំណើរមួយ ដែលប្រកបដោយសេវាកម្មល្អ ផ្ដល់ទំនុកចិត្ត ជាមួយតម្លៃសមរម្យ។
លោកបានបន្ថែមទៀតថា គោលការណ៍ដ៏ចម្បងរបស់ ខេមហ្គោ គឺផ្ដោតសំខាន់បំផុតទីលើផ្នែកសេវា ហើយក្រុមហ៊ុន ក៏បានបង្កើតឲ្យមានផ្នែកសេវាបំរើអតិថិជន ដើម្បីជាជំនួយ និងផ្ដល់ភាពងាយស្រួល ដល់អតិថិជន និងអ្នកបើកបរទាំងអស់។
លោក អ៊ុក ជីបសួន បានបញ្ជាក់ទៀតថា «ជាមួយខេមហ្គោ អតិថិជនទទួលបានផាសុខភាព នាពេលធ្វើដំណើរ ទទួលបានការធានារ៉ាបរង និងតម្លៃសមរម្យ ហើយយើងក៏សង្ឃឹមថា នឹងទទួលបានការគាំទ្រថែមទៀត ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូន ដែលជាអ្នករត់ម៉ូតូកង់បីទាំងអស់ផងដែរ»៕