(បាត់ដំបង)៖ ដោយទទួលបានការណែនាំពី លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ ក្នុងការចុះរៀបចំសហគមន៍កសិកម្ម នៅតាមបណ្តាខេត្តជាគោលដៅ និងជំរុញការផ្សព្វផ្សាយពីគោលការណ៍ នៃការផ្តល់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ នៅព្រឹកថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨ ក្រុមការងារនៃធនាគារអភិវឌ្ឍន៍ជនបទ ដឹកនាំដោយលោក ម៉ុក សុផល អគ្គនាយករង នៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី បានអញ្ជើញចូលរួមប្រជុំជាមួយបងប្អូនប្រជាកសិករស្ថិតនៅ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបងសរុបប្រមាណ១០០នាក់។
ការផ្សព្វផ្សាយគោលការណ៍ឥណទាននោះ ក៏មានការចូលរួមពីឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនធនាគារស្រូវ ដែលក្រុមហ៊ុននេះ បានទទួលសិទ្ធិក្នុងការអភិវឌ្ឍន៍ឃ្លាំស្តុកស្រូវចំនួន ២០០,០០០តោន និងឡសំងួតស្រូវចំនួន៣០០០តោនក្នុងមួយថ្ងៃ ស្ថិតនៅក្នុងខេត្តបាត់ដំបង ដែលជាគម្រោងឥណទានពិសេសរបស់រាជរដ្ឋាភិបាល ផ្តល់ជូនតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ, លោក ទេព ឃុនណាល់ ទីប្រឹក្សារបស់ធនាគារអភិវឌ្ឍន៍ជនបទ និងអជ្ញាធរមួលដ្ឋានជុំវិញស្រុក និងឃុំផងដែរ។
ដោយឡែកតាមកម្មវិធីដែលបានគ្រោងទុក ក្រុមការងារធនាគារអភិវឌ្ឍន៍ជនបទ នឹងបន្តជួបប្រជុំជាមួយបងប្អូនប្រជាកសិករ ៖
* នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២ និង០០នាទី ស្ថិតនៅឃុំខ្នាចរមាស ស្រុកបរវិល ខេត្តបាតដំបង។
* ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៩ព្រឹក នៅផ្សារអូស្ងូត ដោយមានអញ្ជើញចូលរួមរបស់ប្រជាកសិករមកពីឃុំរហាត់ទឹក ឃុំគោកបាឡាំង ឃុំសំបួសមាស ស្ថិតក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
* ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅឃុំរំលេច ខេត្តពោធិ៍សាត់។