(កំពង់ចាម)៖ អតីតយុទ្ធជនពិការ ដែលកំពុងតែមានជីវភាពក្រលំបាក រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក និងគ្មានផ្ទះសំបែង នៅស្រុកកងមាស ត្រូវបានប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ចាត់ឲ្យក្រុមការងារយកអំណោយប្រគល់ជូន នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ។
អតីតយុទ្ធជនដែលប្រធានសមាគមអតីតយុទ្ធជនស្រុកកងមាស និងក្រុមការងារបានចុះសួរសុខទុក្ខ ឈ្មោះ សូក សម្បត្តិ មានជីវភាពក្រលំបាក មានដីអត់ផ្ទះ រស់នៅភូមិកងតាណឹងទី៤ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។
អំណោយ និងថវិការបស់ប្រធានសមាគមខេត្ត ដែលត្រូវបានប្រធានសមាគមស្រុកយកទៅប្រគល់ជូននោះរួមមាន ថវិកាចំនួន២០ម៉ឺនរៀល សម្ភារប្រើប្រាស់ និងគ្រឿងបរិភោគមួយចំនួនទៀត ដែលបានពីសប្បុរសជន ដូចជា
ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ មី៣កេះ ខ្នើយ១ មុង១ ភួយ១ កំសៀវ១ ឆ្នាំង១ ខ្ទះ១ កន្ទេល១ ចាន ចង្រ្កានហ្គាស១ ធុងទឹកកក១ ចានស្រាក១ បំពង់ទឹកក្ដៅ១ ចានដែក ជ្រុញ វែកស្លាបព្រា ទឹកសុទ្ធ២យួរ ត្រីខ១យួរ អង្ករ៥០គីឡូក្រាម និងសាប៊ូ១កញ្ចប់។
ជាមួយគ្នានេះដែរ នៅព្រឹកមិញនេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏បានចាត់ក្រុមការងារចុះពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋឈ្មោះ នាង មករា និងប្រពន្ធឈ្មោះ ហ៊ួន ក្រេកឡាង ដែលបានជួបគ្រោះរលំផ្ទះ នៅភូមិទួលវិហារ ឃុំរាយប៉ាយ ស្រុកងមាស
ផងដែរ។
ឱកាសសំណេះសំណាលនោះ តំណាងលោកឧត្តមសេនីយ៍ បាននាំយកថវិការបស់លោក ចំនួន២០ម៉ឺនរៀល សម្ភារប្រើប្រាស់ និងគ្រឿងបរិភោគ មួយចំនួនទៀត ដែលបានពីសប្បុរសជន
ផ្ដល់ជូនផងដែរ៕