(បាវិត-ស្វាយរៀង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ បានអះអាងជាថ្មីថា ដរាបណាមានវត្តមានរបស់សម្តេច គឺមិនមានជនណាម្នាក់ ឬក្រុមណាមួយអាចមកបំផ្លាញសន្តិភាព ស្ថិរភាពរបស់កម្ពុជាបាននោះឡើយ។

ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្តេចតេជោបានអញ្ជើញ ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២៨,៥៨៤នាក់មកពីរោងចក្រ សហគ្រាសចំនួន២៦នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ក្រៅពីជួបសំណេះសំណាល ជាមួយកម្មករនិយោជិតហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត ឈ្មោះ អ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាសស្ទ្រី ខមផ្លេកស៍ ស្ថិតនៅក្នុងក្រុងបាវិតនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ប៉ុន្តែដរាបណា ពួកអ្នកចង់បំផ្លាញជាតិ ចង់បំផ្លាញសន្តិភាពវានៅបន្តបំផ្លាញ ពូ (សម្តេច) នៅតែបន្តធ្វើដើម្បីទប់ស្កាត់វា ហើយការពារនូវអាយុជីវិតប្រជាជនកម្ពុជា ការពារឱ្យមានការងារធ្វើ និងប្រាក់ចំណូលដែលក្មួយៗមាន មិនត្រឹមតែការពារទេ គឺបង្កើនប្រាក់បៀរវត្សបន្ថែមទៀត ហើយត្រូវដឹងថាប្រាក់បៀរវត្សក្មួយៗ មិនមែនឡើងតែឆ្នាំ២០១៨ទេ គឺឡើងរាល់ឆ្នាំ ក៏ប៉ុន្តែចាំជជែកគ្នាក្រោយ»។

បុរសខ្លាំងកម្ពុជាបានមានប្រសាសន៍បន្តថា គ្មានអ្នកណាដែលជេរប្រមាថ ថ្នាក់ដឹកនាំ​គណបក្សប្រជាជន ជាពិសេសជេរសម្តេចតេជោច្រើនជាងគេ ដូច ប៉ុល ពត នោះទេ ដោយសារតែក្រុម ប៉ុល ពត វាបានចាញ់នៅក្រោមដៃ នៃការតស៊ូរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ក៏ប៉ុន្តែតែទីបំផុតបានស្លាប់រកដីកប់មិនបានផង ហើយនៅទីចុងបំផុត មេនាំកំពូលរបស់ ប៉ុល ពត ត្រូវបានកាត់ទោសដោយតុលាការកូនកាន់កម្ពុជា និងអង្គការសហប្រជាជាតិ។

ពាក់ព័ន្ធនឹងការជេរប្រមាថនេះ សម្តេចតេជោបានសង្កត់ធ្ងន់ៗថា ទោះបីជាអនុភាពប្រតិកិរិយា អសិរិពិសយ៉ាងណាក៏ដោយ ក៏មិនអាចបំផ្លាញ សេចក្តីសុខរបស់ប្រជាពលរដ្ឋកម្ពុជាបានដែល ប្រសិនបើប្រជាពលរដ្ឋទាំងអស់យល់តម្លៃនៃសន្តិភាព ទាំងនេះគឺចង់បញ្ជាក់ប្រាប់ទៅក្មួយកម្មករ កម្មការិនី និងប្រជាពលរដ្ឋទូទាំងប្រទេសថា កន្លងមកមានក្រុមប្រឆាំង ដែលជាអតីតខ្មោចគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកាត់រំលាយ ពីបទល្មើសក្បត់ជាតិ បានរិះគន់ខ្លាំងៗ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ននេះក៏ប៉ុន្តែសម្រាប់ការជេរប្រមាថ មកលើថ្នាក់ដឹកនាំនេះ មានន័យថារដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺធ្វើត្រឹមត្រូវតាមរបបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដើម្បីដឹកនាំប្រទេសជាតិទៅរកសុខសន្តិភាព និងស្ថិរភាពនយោបាយ។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារទៅក្រុមចាំតែប្រឆាំងដែលរត់ចោលស្រុក គិតតែជេរប្រមាថទៅលើការដឹកនាំប្រទេស ដែលមានគណបក្សប្រជាជនកម្ពុជា ឱ្យបន្តសកម្មភាព បំផ្លើស បំប៉ោងការពិត និងព្យាយាមបំបែកបំបាក់ជាតិរបស់ខ្លួនបន្ថែមទៀតចុះ ក៏ប៉ុនជេរមិនស្រួលរាសីដាក់ ប្រយ័ត្នរន្ទះបាញ់ងាប់ ដោយសារទង្វើបំភ្លើសពីការពិត នាំឱ្យទេវតាបរាមុខ ជាក់ស្តែងអ្នកដែលជេរប្រមាថលើការដឹកនាំ របស់រដ្ឋាភិបាលកន្លងមកនេះ បានងាប់បណ្តើរៗហើយ។

ទទឹមនឹងនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានក៏ក្រើនរំលឹកដល់កម្មករ កម្មការិនីថា ត្រូវចូលរួមគ្នាទប់ស្កាត់ឱ្យខាងតែបានកុំឱ្យភ្លើងសង្គ្រាម មកបំផ្លិចបំផ្លាញជាតិ សន្តិភាពសារជាថ្មី ហើយត្រូវតែចូលរួមរក្សាសន្តិភាព ក៏ប៉ុន្តែការរក្សាសន្តិភាពវាងាយនឹងធ្វើទៅបានប្រសិនបើក្មួយៗ និងក្រុមគ្រួសារបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា៕