(អារ៉ាប់)៖ ថ្លែងក្នុងជំនួបជាមួយមេដឹកនាំឥស្លាម អ្នកនយោបាយ និងបណ្តាបុព្វជិកសាសនាឥស្លាមនានា ដែលអញ្ជើញចូលរួមក្នុងសន្និសិទអន្តរជាតិ «ស្តីពីអនាគតមុស្លិមភាគតិច» នៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួមអេមីរ៉េត លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដែលបានដឹកនាំគណៈប្រតិភូពីកម្ពុជា បាននាំដំណឹងល្អនានា ស្តីពីគោលនយោបាយផ្សះផ្សាជាតិប្រកបដោយភាពជោគជ័យត្រចះត្រចង់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
បើតាមលោក អូស្មាន ហាស្សាន់ កម្ពុជាមានបងប្អូនអ្នកកាន់សាសនាឥស្លាម ជាង៧០ម៉ឺននាក់ បានកំពុងតែរួមរស់រួមសុខក្រោមដំបូលសន្តិភាពតែមួយរបស់កម្ពុជា ដែលមានសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ មិនតែប៉ុណ្ណោះ សាសនិកឥស្លាមនៅកម្ពុជា ទទួលបាននូវការផ្តល់ភាពកក់ក្តៅ ការសម្រួល និងបំពេញនូវរាល់តម្រូវការចាំបាច់នានា របស់សហគមន៍ខ្មែរឥស្លាម ជាពិសេសការបើកសិទ្ធទូលំទូលាយឲ្យទទួលយកការប្រតិបត្តិគោលជំនឿសាសនាឥស្លាម ទំនៀមទំលាប់ ប្រពៃណីជាដើម។
លោកបន្តថា ក្នុងនាមថ្នាក់ដឹកនាំ ទទួលបន្ទុករួមលើមុស្លិមនៅកម្ពុជា លោកបាននូវភាពជោគជ័យលើគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលរក្សាបាននូវស្ថេរភាព សន្តិភាព ការធ្វើសុខដុមនីយកម្ម ដោយជោគជ័យអស់រយៈពេលជិត៤០មករបស់កម្ពុជា។
លោក អូស្មាន ហាស្សាន់ សង្កត់ថារាជរដ្ឋាភិបាលកម្ពុជា គឺបានផ្តោតសំខាន់បំផុតទៅលើគោលនយោបាយសុខដុមនីយកម្មនេះជាចម្បង ព្រោះវាជាកត្តានាំមុខមួយ ដែលញ៉ាំងឲ្យកម្ពុជា ដែលមានអ្នកគោរពសាសនាផ្សេងៗ ចាប់ដៃគ្នា បានឈានដល់កម្រិតអភិវឌ្ឍន៍ ការរីកចម្រើន និងត្រូវបានឆាកអន្តរជាតិទទួលស្គាល់ និងកោតសរសើរដល់កម្ពុជា។
សូមជម្រាបថា សន្និសីទខាងលើ ត្រូវបានធ្វើឡើងពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ដោយមានការចូលរួមពីមេដឹកនាំឥស្លាម អ្នកនយោបាយ និងបណ្តាបុព្វជិកសាសនាឥស្លាម ប្រមាណជាង៤០០នាក់ មកពី១៤០ប្រទេស ជុំវិញពិភពលោក។ សន្និសីទនេះ ផ្តោតលើកិច្ចសហការអន្តរជាតិ ដើម្បីសម្រេចបានសន្តិភាពសកល បង្កើនប្រសិទ្ធិភាពការទូតសាសនា ដើម្បីបំបាត់នូវជម្លោះ និងសង្គ្រាម ប្រយុទ្ធប្រឆាំងអំពើហិង្សាជ្រុលនិយម និងសន្ទនាអន្តរជនជាតិ ដើម្បីទទួលបានសុខសន្តិភាពសង្គម៕