(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានបញ្ជូនបុរសម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយជាប់ពាក់ព័ន្ធលើបណ្តឹងបទ «រំលោភលើទំនុកចិត្ត»។
ជនសង្ស័យរូបនេះ ត្រូវបានលោក ងិន ពេជ្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឲ្យសមត្ថកិច្ចតាមចាប់ខ្លួន ហើយបន្ទាប់មកជននេះ ត្រូវបានកម្លាំងនគរបាល តាមចាប់ខ្លួន នៅស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ។
ជុំវិញការចាប់ខ្លួនរបស់សមត្ថកិច្ច តបតាមការប្តឹងផ្តល់ពីដើមបណ្តឹងខាងលើនេះ ត្រូវបានលោក សាន់ សឿន បងប្រុសបង្កើតជនសង្ស័យ បានប្រាប់មកអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះថា ប្អូនប្រុសរបស់លោក មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ គឺប្អូនប្រុសរបស់លោក ត្រូវភាគីម្ខាងដែលជាដៃគូរកស៊ីជាមួយគ្នា ចោទប្រកាន់និងមានបំណងចង់លេបយកភាគហ៊ុនទាំងមូល។
លោក សាន់ សឿន បានរៀបរាប់ថា លោក និងប្អូនប្រុសមានឈ្មោះ សុខ ពី អាយុ៤៣ឆ្នាំ បានចាប់ដៃគូជាមួយឈ្មោះ ម៉ឺន សុខន អាយុ៥១ឆ្នាំ ជាមន្រ្តីមួយរួបនៅអគ្គិសនីកម្ពុជា ដើម្បីបើកអាជីវកម្ម ទិញភ្លើងពីរដ្ឋ ដើម្បីយកទៅចែកចាយលក់បន្ត ជូនប្រជាពលរដ្ឋ នៅ៤តំបន់រួមមាន៖ ទី១៖ នៅតំបន់ពត់ស ស្រុកបាទី ខេត្តតាកែវ, ទី២៖ នៅតំបន់បឹងខ្សាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល, ទី៣៖ នៅតំបន់ព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងទី៤៖ នៅតំបន់កំពង់ចម្លងបាក់ដាវ ខេត្តកណ្តាល។
លោក សឿន បានបន្តថា ការរកស៊ីជាមួយគ្នាទាំង៣នាក់ មិនដែលមានបញ្ហានោះទេ ស្រាប់តែក្រោយមកឈ្មោះ ម៉ឺន សុខន ចង់លេបយកភាគហ៊ុនទាំងស្រុងនៅក្នុងអាជីវកម្មមួយនេះ ក៏លួចទៅធ្វើក្លែងឯកសារ ដើម្បីចង់បានអាជ្ញាប័ណ្ណទាំងមូល ព្រមទាំងដាក់ពាក្យប្តឹងទៅតុលាការ ឲ្យចាត់ការលើប្អូនប្រុសរបស់លោកតែម្តង។
បងប្រុសជនសង្ស័យរូបនេះ ក៏បានបន្ថែមថា មូលហេតុដែលនាំឈ្មោះ ម៉ឺន សុខន ប្តឹងនេះគឺមានបំណងចង់បានក្រុមហ៊ុនទាំងមូលហេតុ ហើយលោកក៏សូមឲ្យថ្នាក់ដឹកនាំតុលាការ ជួយមើលករណីនេះផង ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ដែលជាប្អូនរបស់លោក។ សម្រាប់ប្អូនរបស់លោក ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ ធ្វើការសួរនាំនៅថ្ងៃទី៨ និងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ តែមិនទាន់ដឹងថា មានចំណាត់ការយ៉ាងណានោះទេ។
សូមបញ្ជាក់ថា សង្ស័យរូបនេះមានឈ្មោះ សុខ ពី អាយុ៤៣ឆ្នាំ ស្នាក់នៅទីស្នាក់ភ្លើង ភូមិចំបក់ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ យ៉ាងណាក៏ដោយ អង្គភាពព័ត៌មាន Fresh News មិនអាចសុំការបកស្រាយ ពីលោក ម៉ឺន សុខន មន្រ្តីអគ្គិសនីបាននោះទេ ដើម្បីបំភ្លឺនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ៕