(ភ្នំពេញ)៖ លោក William A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា បាននិងកំពុងតែរីកចម្រើនកាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយការរីកចម្រើននេះ បានធ្វើឲ្យ អ្នកវិនិយោគិនបាននាំចូល និងបង្កើតនូវមុខជំនួញថ្មីៗជាច្រើនទៀត ដើម្បីជំរុញវិស័យសេដ្ឋកិច្ចឲ្យកាន់តែរីកលូតលាស់។
ការលើកឡើងបែបនេះរបស់លោក William A.Heidt ធ្វើឡើងនាឱកាសដែលលោកអញ្ជើញ ចូលរួមក្នុងពិធីបើកសម្ពោធជាផ្លូវការក្រុមហ៊ុន ខែមដ្រាយ-ខេមបូឌា ដែលជាក្រុមហ៊ុនរបស់អាមេរិក សហការជាមួយកម្ពុជា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ។
លោក William Heidt បានលើកឡើងថា «វិស័យសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា បានកំពុងរីកចម្រើន ដូចជាវិស័យទេសចរណ៍ និងវិស័យអចលនទ្រព្យមានការកើនឡើងគួរឲ្យកត់សំគាល់ បើមើលនៅក្នុងទីក្រុងភ្នំពេញមានខុនដូជាង២ម៉ឺនយូនីតឯណោះ ចំណែកឯងក្នុងខេត្តព្រះសីហនុវិញ ក៏មាននូវអាគារដែលមានកំម្ពស់លើសពី២០ជាន់ មានប្រមាណជាង២០អាគារកំពុងសាងសង់»។
លោកបានបញ្ជាក់ថា ហេតុអ្វីបានជាយើងផ្ដោតសំខាន់ ទៅលើវិស័យអចលទ្រព្យកម្ពុជា ព្រោះថាវិស័យនេះកាន់តែរីកចម្រើន ដូច្នេះការបើកមុខជំនួញទៅលើប្រភេទសំអាតផ្ទះ ដែលក្រុមហ៊ុនទើបនឹងបើកសម្ពោធជាផ្លូវការនេះ នឹងមានតម្រូវការខ្ពស់ ព្រមទាំងបានផ្ដល់នូវការងារជូនពលរដ្ឋបានធ្វើផងដែរ។
លោក សៅ សុខនី អគ្គនាយកក្រុមហ៊ុន ខែមដ្រាយ-ខេមបូឌាប្រចាំកម្ពុជា បានលើកឡើងថា ខែមដ្រាយ ជាក្រុមហ៊ុនធំជាងគេលើពិភពលោក ក្នុងសេវាកម្មសំអាតកំរាលព្រំ សំភារៈសង្ហារឹមសាឡុង កំរាលឥដ្ឋការូ ដែលមានអ្នកចែកចាយសិទ្ធជាង៣៥០០កន្លែងក្នុងបណ្ដាជាង ៥៥ ប្រទេសលើពិភពលោក នឹងមានបទពិសោធន៍ជាង៤០ឆ្នាំហើយ និងបានបម្រើសេវាកម្មសំអាតចំនួន១ម៉ឺនគេហដ្ឋាន៕