(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) បានបិទវគ្គផ្សព្វផ្សាយ ស្តីពីការយល់ដឹងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ជូនដល់និស្សិត គរុសិស្ស គរុនិស្សិត និងយុវជនប្រមាណ១៦០០នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
ពិធីនេះប្រព្រឹត្តឡើងក្រោម វត្តមានលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត រួមជាមួយថ្នាក់ដឹកនាំ គ.ជ.ប និងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករ ផងដែរ។
នេះជាលើកទី២ ហើយដែល គ.ជ.ប បានចុះផ្សព្វផ្សាយដល់សិស្ស និស្សិត គរុសិស្ស លោកគ្រូ-អ្នកគ្រូ ដែលើកទីមួយធ្វើឡើង នៅទឹកដីខេត្តតាកែវ ដោយមានមានអ្នកចូល ប្រមាណ៨០០នាក់។
សូមបញ្ជាក់ថា ការចុះបញ្ច្រាប នៃការយល់ដឹង ដល់ប្រជាពលរដ្ឋនេះ ធ្វើឡើងស្របពេលដែលទណ្ឌិត សម រង្ស៊ី មេដឹកនាំចលនាសង្រ្គោះជាតិ បានអំពាវនាវ តាមមណ្តាញទំនាក់ទំនងសង្គម កុំឱ្យប្រជាពលរដ្ឋខ្មែរ ទៅបោះឆ្នោតតំណាងរាស្រ្ត នៅខែកក្កដាខាងមុខនេះ ដែលគ.ជ.បចាត់ទុកថា នេះគឺទង្វើបំពានសិទ្ធិលើសិទ្ធិប្រជាពលរដ្ឋ ដែលច្បាប់បានចែងថា ពលរដ្ឋខ្មែរ មានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោតជ្រើសរើស មេដឹកនាំរបស់ខ្លួន រយៈពេល៥ឆ្នាំម្តង៕