(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការកំណត់អត្រាភាគទានបែបបទ និងនីតិវិធីនៃការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។
តាមអនុក្រឹត្យបានបញ្ជាក់ថា ភាគទានរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនបង់ត្រឹមតែ ០.៥ភាគរយនៃប្រាក់ខែ ឬប្រាក់សោធនរបស់ខ្លួនប៉ុណ្ណោះ។
អនុក្រឹត្យដដែលបញ្ជាក់ទៀតថា ភាគទាននៃរបបសន្តិសុខសង្គម ផ្នែកថែទាំងសុខភាពសម្រាប់មន្ត្រីសាធារណៈ ជាបន្ទុករួមគ្នារវាងរដ្ឋ និងសាម៉ីជន។ អត្រាភាគទាននេះ ត្រូកំណត់ស្នើនឹង១ភាគរយ នៃប្រាក់បៀវត្សមូលដ្ឋាន ឬប្រាក់កម្រៃប្រចាំខែរបស់មន្ត្រីសាធារណៈ ដែលក្នុងនោះ៖ ០.៥ភាគរយ ជាបន្ទុករបស់រដ្ឋ និង០.៥ភាគរយជាបន្ទុករបស់សាម៉ីជន។
ដោយឡែកភាគទាននៃរបបសន្តិសុខសង្គមផ្នែកថែទាំងសុខភាព សម្រាប់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ជាបន្ទុករបស់សាម៉ីជន។ អត្រាភាគទាននេះ ត្រូវកំណត់ស្នើនឹង០.៥ភាគរយ នៃប្រាក់សោធនរបស់សាម៉ីជន ដោយមិនរាប់បញ្ចូលប្រាក់បន្ទាប់បន្សំ ឬប្រាក់ឧបត្ថម្ភផ្សេងៗ៕