(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ បានបន្តចុះជួប សំណេះសំណាល និងបំពាក់មេដាយជូនសមាជិកអតីតយុទ្ធជន ចំនួន៨៥៧នាក់ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដោយសម្ដេចជាប់រវល់មមាញឹក ក្នុងការជួបជាមួយកម្មករ កម្មការិនី ហេតុនេះសម្តេច បានឲ្យរូបលោកមកជួបជំនួស។
នាយឧត្តមសេនីយ៍ ក៏បានកោតសសើរចំពោះការខិតខំបំពេញការងារ របស់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ថ្នាក់ នៅក្នុងស្រុក ដែលបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខ និងជីវភាពរបស់សមាជិក និងសូមឲ្យថ្នាក់ដឹកនាំបន្តការខិតខំនេះបន្ថែមទៀត។
ទន្ទឹមនោះ នាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ថា ដោយការគិតគូរខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានទូលថ្វាយព្រះមហាក្សត្រសុំមេដាយការពារជាតិ បំពាក់ជូនបងប្អូនដែលមានគុណបំណាច់ ចំពោះជាតិមាតុភូមិ។
ជាមួយគ្នានេះ លោក អោ តាំង ដែលជាយោធិនពិការរស់នៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ តំណាងសមាជិកសមាគមក្នុងស្រុកទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដល់ពួកគាត់លើគ្រប់វិស័យ ហេតុនេះពួកគាត់ នឹងបោះឆ្នោតគាំទ្រសម្តេចដោយឥតងាករេឡើយ។
តាមរបាយការណ៍របស់ ប្រធានសមាគមអតីតយុទ្ធជនស្រុក បានឲ្យដឹងថា ទូទាំងស្រុកមានសមាជិក ដែលមានជីវភាពទាល់ក្រ មានដីអត់ផ្ទះ៤៦គ្រួសារ អត់ដីអត់ផ្ទះ១១គ្រួសារ និងនៅលើដីសាធារណៈ៥គ្រួសារ ត្រូវបាននាយឧត្តមសេនីយ៍ គន់ គីម ណែនាំឲ្យប្រធានសមាគមស្រុក ចុះទៅពិនិត្យជាក់ស្តែង បើពួកគាត់ព្រមទៅនៅបន្ទាយមានជ័យ ឬឧត្តរមានជ័យ លោកនឹងធ្វើការដោះស្រាយជូន៕