(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនក្រុមចោរអុកឡុកអ្នកភូមិ នៅសង្កាត់ជ្រោយចង្វារ ៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
សមត្ថកិច្ចឲ្យដឹងថា ក្រុមជនសង្ស័យទាំង៣នាក់៖
ទី១៖ ឈ្មោះ ឯល រីសាត ហៅ អែល រីសាត ភេទប្រុស អាយុ៣៧ឆ្នាំ
ទី២៖ ឈ្មោះ ឡាប រ៉ូស្សេត ហៅ ខុងភេទប្រុស អាយុ១៧ឆ្នាំ
ទី៣៖ ឈ្មោះ រ័ត្ន វណ្ណដេត ភេទប្រុស អាយុ២១ឆ្នាំ។
ក្រុមជនសង្ស័យបាន ធ្វើសកម្មភាពគាស់ទ្វារបស់ផ្ទះប្រជាពលរដ្ឋ នៅចំណុចផ្ទះលេខ១៩អេហ្វ ផ្លូវទន្លេសាប ភូមិ៣ ក្រុម៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨។
សមត្ថកិច្ចបញ្ជាក់ថា ដោយមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ នគរបាលជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរសេនីយ៍ ជាវ វិបុល ប្រធានការិយាល័យ បានបើកការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួន ក្រុមជនសង្ស័យបាន៣នាក់ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ។
យោងតាមលិខិតពីពលរដ្ឋនៅខណ្ឌជ្រោយចង្វា ប្តឹងទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បានថាសមត្ថកិច្ចមូលដ្ឋានមិនបង្ក្រាប បានអះអាងថា ក្រុមជនសង្ស័យ តែងតែធ្វើសកម្មភាព អុកឡុក និងលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋ ក្នុងទឹកដីសង្កាត់ជ្រោយចង្វារ រៀងរាល់ថ្ងៃ ដោយមិនរើសមុខ គឺលួយរបស់របរគ្រប់ប្រភេទ សូម្បីតែថូជ័រដាំផ្កា លំអផ្ទះ ស្បែកជើង ខោអាវ និងហ៊ានឈានដល់គាស់ទ្វាផ្ទះពលរដ្ឋថែមទៀតផង។
ពលរដ្ឋបន្ដថា ពួកគាត់ធ្លាប់បានប្តឹងទៅ សមត្ថកិច្ចមូលដ្ឋានជាច្រើនលើក ប៉ុន្តែហាក់គ្មានអើពើបង្ក្រាបនោះទេ បានត្រឹមតែទទួលពាក្យបណ្តឹងពីពលរដ្ឋ ដោយមិនចាត់ការវិធានការផ្លូវច្បាប់ ចាប់ក្រុមជនសង្ស័យឡើយ បណ្តែតបណ្តោយឲ្យក្រុមជនសង្ស័យ បង្កភាពអសន្តិសុខ ដល់ពលរដ្ឋទាំងយប់ទាំងថ្ងៃ។
ប្រជាពលរដ្ឋរស់នៅសង្កាត់ជ្រោយចង្វារ បានសម្តែងការសាទរចំពោះចំណាត់ការរបស់ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ដែលបានជួយដកបន្លាពីក្នុងទ្រូង របស់ពួកគាត់នាពេលនេះ។
ពលរដ្ឋសង្ឃឹមថា តុលាការនឹងមានចំណាត់ការលើក្រុមចោរទាំងអស់នេះ ឲ្យបានធ្ងន់ធ្ងរតាមច្បាប់ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕