(ភ្នំពេញ)៖ លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា មហាអយ្យការអមសាលាឧទ្ធរណ៍ បានចេញលិខិតចាត់តាំងក្រុមការងារចំនួន៣ក្រុម ដើម្បីចុះទៅធ្វើអធិការកិច្ច នៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ និងពន្ធនាគារទាំង៣កន្លែង គឺមណ្ឌលអប់រំកែប្រែទី១ «ម១» មណ្ឌលអប់រំកែប្រែទី២ «ម២»(ហៅថា គុកព្រៃស) និងមណ្ឌលអប់រំកែប្រែរាជធានីភ្នំពេញ (ហៅថាគុក PJ)។
យោងតាមលិខិតរបស់លោក អ៊ុក សាវុទ្ធ បានបង្ហាញថា ក្រុមការងារទាំង៣ក្រុមរួមមាន ក្រុមទី១៖ ដឹកនាំដោយលោក សុខ រឿន អគ្គព្រះរាជអាជ្ញារង អមសាលាឧទ្ធរណ៍ ចុះទៅមណ្ឌលអប់រំកែប្រែទី១, ក្រុមទី២៖ ដឹកនាំដោយលោក ស៊ិន រិទ្ធ អគ្គព្រះរាជអាជ្ញារង អមសាលាឧទ្ធរណ៍ ចុះទៅមណ្ឌលអប់រំកែប្រែរាជធានីភ្នំពេញ និងក្រុមទី៣៖ ដឹកនាំដោយលោក ស្វាយ សំណាង អគ្គព្រះរាជអាជ្ញារង អមសាលាឧទ្ធរណ៍ ចុះទៅមណ្ឌលអប់រំកែប្រែទី២។
លោក ទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះថា ការចុះអធិការកិច្ចនេះនឹងធ្វើឡើង រយៈពេល៤ថ្ងៃ ពោលចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១០ ខែឧសភា ហើយនៅព្រឹកថ្ងៃទី១១ ខែឧសភា លោក អ៊ុក សាវុធ នឹងដឹកនាំកិច្ចពិភាក្សាថ្នាក់ដឹកនាំតុលាការ។
បើតាមលោក ទូច ថារិទ្ធ ខ្លឹមសារអធិការកិច្ចមានគោលបំណង៖
ទី១៖ ត្រួតពិនិត្យការឃុំខ្លួនមានជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន ទណ្ឌិត និងអនីតិជនដែលមានអាយុពី១៤ ដល់១៨ឆ្នាំ អគារឃុំជនជាប់ចោទជាស្រ្តី និងរយៈពេលការឃុំខ្លួនតាមការកំណត់ច្បាប់ ,ទី២៖ ត្រួតពិនិត្យ មានសាលក្រម សាលដីកា និងខ្វះសាលក្រម សាលដីកា, ទី៣៖ ការអនុវត្តទោសពន្ធនាគារ និងទោសពិន័យជាប្រាក់ ទី៤៖ ការដឹកជញ្ជូនទៅជំនុំជម្រះក្តី គ្រប់សាលាជម្រះក្តី ដែលភាគីប្តឹងឧទ្ធរណ៍ និងសាទុក្ខ និងទី៥៖ ត្រួតពិនិត្យតាមអាគារលើបញ្ហាសុខភាព និងភាពចង្អៀតណែន និងបញ្ហាមួយចំនួនទៀត ដែលបានរួមគ្នាពិភាក្សាដោះស្រាយរក ចំណុចរួមមួយ ទៅតាមច្បាប់ស្តីពីពន្ធនាគារ និងក្រមនីតិវិធីព្រហ្មទណ្ឌ៕