(ភ្នំពេញ)៖ នៅថ្ងៃទី១០ខែឧសភា ឆ្នាំ២០១៨ ស្អែកនេះ NEA នឹងរៀបចំវេទិកាការងារ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ដែលនឹងនាំយកឱកាសការងារចំនួន៩២៨កន្លែង ពីក្រុមហ៊ុនធំៗចំនួន១០ រួមមាន៖ ក្រុមហ៊ុន AEON, Worldbridge, Yummy Food Company, GFG Investment, Opennet, Almond Group, Kofi, Emcat, Capture Value និងក្រុមហ៊ុន Ming Wuoy Group។
វេទិកាការងារនេះ នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង៨ព្រឹក ដល់ ម៉ោង៥ល្ងាច។
វេទិកាការងារដែលត្រូវបានរៀបចំឡើងជារៀងរាល់ខែ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្លាយជាកន្លែងដែលប្រមូលផ្តុំដោយឱកាសការងារ និងព័ត៌មានជ្រើសរើសបុគ្គលិកដ៏សំបូរបែប តាមរយៈកំណើននៃក្រុមហ៊ុន/សហគ្រាសនានា ដែលមកប្រើប្រាស់សេវាជ្រើសរើសបុគ្គលិករបស់រដ្ឋមួយនេះ។
ជាក់ស្តែងក្នុងរយៈពេល៤ខែ នៅដើមឆ្នាំ២០១៨ នេះ មានយុវជន និងអ្នកស្វែងរកការងារ ចំនួនជាង២,០០០នាក់ ទទួលបានការងារតាមរយៈយន្តការវេទិកាការងារ របស់រដ្ឋាភិបាលរួចមកហើយ។
ទីភ្នាក់ងារជាតិ មុខរបរនិងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំវេទិកាការងារបែបនេះរៀងរាល់ខែ។
សម្រាប់យុវជន សិស្ស/និស្សិត ដែលមានបំណងចង់ស្វែងរកការងារដែលខ្លួនពេញចិត្ត និងសមស្រប ទៅតាមជំនាញរៀងៗខ្លួន អាចមកចូលរួមដោយសេរីនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប់របងវិទ្យាស្ថានភាសា បរទេស IFL ដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប (CV)។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebookneakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ៕