(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ សហការជាមួយកម្លាំង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យគោលដៅ២ពីកន្លែង ដើម្បីរកជនជាតិបរទេស ដែលចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់ (គ្មានប័ណ្ណការងារ)
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនៅព្រឹកមិញនេះ ត្រូវបានធ្វើឡើងស្ថិតក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី។
បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន គោលដៅដែលបានចុះត្រួតពិនិត្យរួមមាន សិប្បកម្មក្រដាស ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែករោម ខណ្ឌមានជ័យ បានពិនិត្យឃើញមានជនជាតិវៀតណាម ចំនួន០៤នាក់ ស្រីម្នាក់ និងជនជាតិចិនចំនួនម្នាក់ បានលួចស្នាក់នៅនិងធ្វើការដោយខុសច្បាប់ ប្រើប្រាស់ឯកសារត្រឹមត្រូវ។
ដោយឡែកគោលដៅទី២ សិប្បកម្មឈើ ស្ថិតនៅផ្លូវ៩៧ ភូមិ៤ ក្រុម២៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានពិនិត្យឃើញមាន ជនជាតិវៀតណាម០៦នាក់ ដែលបានលួចស្នាក់នៅ និងធ្វើការដោយខុសច្បាប់ ប្រើប្រាស់ឯកសារត្រឹមត្រូវ។
លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា បានបញ្ជាក់ថា ក្រោយប្រតិបត្តិការ កម្លាំងនគរបាលជំនាញបានបញ្ជូនជនបរទេស ចំនួន១១នាក់ខាងលើ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ដ៕