(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ លោក ហេង កេសរោ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ ប្រកាសផ្តន្ទាទោសចៅប្រុស ដែលបានវាយសម្លាប់យាយបង្កើត នៅខណ្ឌទួលគោក ដាក់ពន្ធនាគារអស់មួយជីវិត តាមមាត្រា២០០ នៃច្បាប់ក្រមនីតិវិធីព្រហ្មទណ្ឌ។
សំណុំរឿងឃាតកម្មនេះ មានលោក ស្រី ម៉ាក់នី តំណាងអយ្យការបាន ចោទប្រកាន់លើឈ្មោះ ឆាយ ស៊ីនហូ ភេទប្រុស អាយុ២៣ឆ្នាំ ពីបទ ឃាតកម្មគិតទុកជាមុន លើយាយបង្កើតអាយុ៨៧ឆ្នាំ ប្រព្រឹត្តកាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២៤ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ យោងតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងកំឡុងសវនាការ ជនជាប់ចោទបានសារភាពថា នៅយប់កើតហេតុ ខ្លួនបានបើកដំបូលផ្ទះ ឡើងទៅអង្គុយលេង ពេលនោះយាយឃើញ ក៏ហៅឲ្យចុះមកវិញ ទើបខ្លួនខឹង ក៏ចុះមកយកដំបងវាយ យាយចំនួន៥ដំបង ស្លាប់តែម្តងទៅ។ ក្រោយពេលវាយយាយសម្លាប់រួច ក៏ត្រូវបងស្រី ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនភ្លាមៗតែម្តង។
លោក នាង ហៃ ជាមេធាវីការពារជនជាប់ចោទ បានសំណូមពរឲ្យតុលាការកែប្រែ បទចោទប្រកាន់លើកូនក្តីលោក ពីបទឃាតកម្មគិតទុកជាមុន ទៅជាបទ ឃាតកម្មធម្មតាវិញ ដោយសារអង្គហេតុនេះ បង្ហាញថា កូនក្តីលោកមិនបាន គិតទុកជាមុនទេ ពោលគឺខឹងភ្លាម វាយសម្លាប់ជនរងគ្រោះភ្លាម និងដោយសាររូបគេមានជំងឺ សតិមិនសូវគ្រប់ផងដែរ៕