(ភ្នំពេញ)៖ លោក សំ សុគង់ មេធាវីការពារសិទ្ធិទណ្ឌិតសម រង្ស៊ី នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ នេះ ពុំបានចូលបង្ហាញខ្លួននៅតុលាការកំពូលទេ ដើម្បីការពារក្តីឱ្យទណ្ឌិត សម រង្ស៊ី ជុំវិញសំណុំរឿងសមគំនិតក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ។
អគ្គព្រះរាជអាជ្ញារងអមតុលាការកំពូល និង អ្នកនាំពាក្យតុលាការកំពូល លោកអ៊ុក គឹមសិទ្ធិ ថ្លែងប្រាប់ Fresh News ថា សវនាការនេះ ត្រូវបានលើកពេល ដោយសារមេធាវីអត់ចូលខ្លួន ។
មន្ត្រីតុលាការ ថ្លែងថា តុលាការនឹងកំណត់ថ្ងៃសវនាការម្តងទៀត នាពេលក្រោយ ។
ទណ្ឌិត សម រង្ស៊ី ជាប់ចោទពីបទ"សមគំនិតក្នុងអំពើបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និង ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ និង ១៣ ខែសីហា ឆ្នាំ២០១៥ ។
គួរបញ្ជាក់ថា ទាំងសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ គឺ បានសម្រេចដូចគ្នាផ្តន្ទាទោសទណ្ឌិតសម រង្ស៊ី ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ ។ ប៉ុន្ដែការសម្រេចនេះ ត្រូវបានមេធាវីការពារសិទ្ធិទណ្ឌិត សម រង្ស៊ី ប្តឹងសាទុក្ខមកតុលាការកំពូល ។
ទណ្ឌិតសម រង្ស៊ី បច្ចុប្បន្នមានរឿងក្តីក្តាំជាច្រើន ក្នុងកណ្តាប់ដៃតុលាការ ដោយរឿងក្តីខ្លះបានចូលជាស្ថាពរនិងរឿងក្តីខ្លះកំពុងដំណើរការនីតិវិធី ៕