(កំពង់ស្ពឺ)៖ លោក ឯម សុគន្ធ ជាមន្ត្រីនាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជា ប្រធានមន្ទីរបរិស្ថានស្តីទីខេត្តកំពង់ស្ពឺ ជំនួសលោក ឈឺន សុធន ដែលត្រូវទៅបម្រើការ នៅអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងបរិស្ថាន។
ពិធីផ្ទេរភារកិច្ចនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ ធ្វើឡើងក្រោមអធិបតីភាពលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ ព្រមទាំងមន្ត្រីរាជការប្រមាណ៣០០នាក់។
ថ្លែងក្នុងឱកាសនោះ លោក ផៃ ប៊ុនឈឿន បានលើកឡើងថា ប្រធានមន្ទីរស្តីទី ដែលអនាគតក្លាយជាប្រធានមន្ទីរនាពេលខាងមុខ ត្រូវបន្តយកចិត្តទុកដាក់ បញ្ហាសំរាម កាកសំណល់រាវ និងរឹងនៅតាមទីប្រជុំជន ដើម្បីស្របតាមគោលបំណងរបស់ប្រជាពលរដ្ឋ ហើយបន្តយកចិត្តទុកដាក់ចំពោះបរិស្ថាន ក្នុងតំបន់ទេសចរណ៍ជាច្រើនឲ្យបានស្អាត មានតំបន់ការពារធម្មជាតិ ឧទ្យានជាតិ រម្មណីដ្ឋានធម្មជាតិ។
លោករដ្ឋលេខាធិការបន្ត លោកប្រធានមន្ទីរស្តីទីត្រូវធ្វើការដោយតន្លាភាព ស្មោះត្រង់ គោរពឋានានុក្រម ការគោរពបាននូវតួនាទីឲ្យបានត្រឹមត្រូវ ហើយត្រូវចេះធ្វើការងារជាក្រុម បើជួបបញ្ហាត្រូវរួមគ្នាដោះស្រាយជៀសវាងបង្កើតបញ្ហាតែគ្មានដំណោះស្រាយ ហើយត្រូវសហការឲ្យបានល្អ ជាមួយស្ថាប័នអយ្យការ និងតុលាការ ចំពោះបញ្ហាបង្ក្រាបធនធានធម្មជាតិ និងការឈួសឆាយដីរដ្ឋ។
លោកសង្កត់ធ្ងន់ថា ត្រូវរិះរកមធ្យោបាយបញ្ហាការពារសំរាម តាមតំបន់ទីប្រជុំជនឲ្យបានប្រសើរ ខណៈមនុស្សរស់នៅក្នុងធម្មជាតិ ដូច្នេះបញ្ហាបរិស្ថាន ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត គឺគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ កិច្ចគាំពារបរិស្ថាន និងការរស់នៅដោយចីរភាព (បរិស្ថានសព្វថ្ងៃ ត្រូវបំផ្លាញដោយមនុស្សច្រើនជាង)។
សូមបញ្ជាក់ថា មន្ទីរបរិស្ថានមានមន្ត្រីក្របខណ្ឌ ចំនួន១២៦នាក់ ស្រីម្នាក់ ភ្ជួរក្របខណ្ឌម្នាក់ បុគ្គលិកបណ្តែត០៩នាក់ មន្ត្រីឧទ្យានុរក្សកំពុងបម្រើការតាមតំបន់ ការពារធនធានធម្មជាតិ ចំនួន៩០នាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់០៣នាក់ វិស្វករ០៣នាក់ បរិញ្ញាបត្រ០៤នាក់ បរិញ្ញារង០៥នាក់ អនុប្រធានមន្ទីរចំនួន០៤នាក់៕