(កំពង់ចាម)៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម លោកឧត្តមសេនីយទោ ឯម កុសល បានប្រគល់អំណោយរបស់សមាគមអតីតយុទ្ធជនកម្ពុជា ជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ នៅស្រុកបាធាយ។
ពិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ដោយលោកឧត្តមសេនីយ៍ទោ ឯម កុសល បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី សាន សុភា ប្រធានលេខាធិការដ្ឋាន ស.អ.ក ខេត្តកំពង់ចាម យកអំណោយប្រគល់ជូន។ ក្នុងនោះក៏មានការចូលរួមពី លោក ទឹម ដាណា អភិបាលរងស្រុកបាធាយ ព្រមទាំងលោកប្រធាន អនុប្រធាន ស.អ.ក ស្រុកបាធាយ។
អំណោយដែលប្រគល់ជូន គ្រួសារសពលោក អ៊ុន អ៊ន ប្រភេទ និវត្តជន RA 01001117 ដែលអ្នកទទួលបណ្ដាំ លោកស្រី
ឆឹង ទូច អាយុ៧០ឆ្នាំ រស់នៅភូមិបាកាល ឃុំផ្អាវ ស្រុកបាធាយ គឺថវិកាចំនួន៤លានរៀល ជាប្រាក់បេឡាមរណសង្គ្រោះ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សាន សុភា ក៏បានផ្ដាំផ្ញើនូវការរំលែកទុក្ខពី លោកឧត្តមសេនីយ៍ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម និងនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមយុទ្ធជនកម្ពុជាផងដែរ៕