(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ផ្ទះចំនួន៣ខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបងចំនួន៣គ្រួសារ ទីទ័លក្រ និងគ្មានទីជំរកសមរម្យ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បាននាំការផ្តាំផ្ញើរសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ជូនសមាជិក ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរដល់សមាជិក ទាំងសុខភាព និងជីវភាពរស់នៅ ជាក់ស្តែងតាមរបាយការណ៍បច្ចុប្បន្នភាពរបស់សមាគមខេត្ត និងតាមសំណើរបស់លោកផ្ទាល់ សម្តេចបានសម្រេចឲ្យសាងសង់ផ្ទះ៣ខ្នង ហើយត្រូវបានប្រគល់ជូននៅថ្ងៃនេះ។
សូមជម្រាបថា ផ្ទះទាំង៣ខ្នងនោះ ក្នុងមួយខ្នងៗទំហំ ៤ម៉ែត្រ គុណ០៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី រៀបការ៉ូបាត និងរៀបជញ្ជាំងឥដ្ឋ កំពស់១ម៉ែត្រ ត្រូវបានប្រគល់ជូនគ្រួសារសមាគមអតីយុទ្ធជន៣គ្រួសារ ទី១៖ លោក ឃុំ សន យោធិនពិការ នៅភូមិអង្គ សង្កាត់អូរចារ ក្រុងបាត់ដំបង, ទី២៖ លោកយាយ សែម អូន ជនក្រីក្រ នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង និង៣៖ លោកស្រី នូវ សាមឿន ជនពិការ នៅភូមិសាមគ្គី ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
លោក ឃុំ សន បានសម្តែងការរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានផ្តល់ផ្ទះជូនគាត់ ធ្វើឲ្យជីវិតពួកគាត់មានលំនឹង កក់ក្តៅ និងសូមឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមឲ្យមានសិរីសួរស្តី ជោគជ័យ និងបន្តដឹកនាំកម្ពុជាទទួលបានការរីកចម្រើនតទៅមុខទៀត ហើយប្ដេជ្ញាថានឹងបន្ដបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជារៀងរហូត។
ក្រៅពីផ្ទះ សមាជិកទាំង៣គ្រូសារ ក៏បានទទួលសម្ភារ និងថវិកាក្នុងម្នាក់ៗ ចំនួន២០០,០០០រៀល, គ្រែ០១, អង្ករចំនួន១០០គីឡូក្រាម, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, ត្រីខ០១យួរ, ឆ្នាំង ចាន មុង០១, ភួយ០១ និងកន្ទេល០១។ ដោយឡែកអតីតយុទ្ធជន ដែលបានមកចូលរួមចំនួន៣០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀល សារ៉ុង០១ អង្ករ៥០គីឡូក្រាម៕