(រតនគិរី)៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងស្ទឹងត្រែង ប្រធានអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តស្ទឹងត្រែង និងមុខតំណែងក្នុងរចនាសម្ព័ន្ធមន្ទីរ អង្គភាពជុំវិញខេត្ត។
ពិធីដែលបានធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អភិបាលក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងមេឃុំ ចៅសង្កាត់ សរុបចំនួនជាង២០០នាក់។
លោកអភិបាលខេត្ត បានសម្តែងនូវការអបអរសាទរចំពោះមន្រ្តីរាជការដែលត្រូវបានតែងតាំង និងទទួលភារកិច្ចថ្មី នាឱកាសនេះ។
លោក ម៉ុម សារឿន បានធ្វើការគូសបញ្ជាក់ និងផ្តាំផ្ញើដល់មន្រ្តីរាជការទាំង២៣រូប ដែលទើបនឹងទទួលបានការតែងតាំង ប្រគល់ភារកិច្ច និងផ្ទេរភារកិច្ចថ្មី ត្រូវយកទៅធ្វើជាមូលដ្ឋានក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនដោយត្រូវរក្សា និងពង្រឹងឲ្យបាននូវចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាព និងកិច្ចសហការជួយគ្នាទៅវិញទៅមក និងខិតខំធ្វើការងារឲ្យស្របទៅតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាមួយរដ្ឋបាលខេត្ត ដើម្បីធ្វើឲ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
ជាពិសេសគឺខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងលើកកម្ពស់ការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង៕