(ភ្នំពេញ)៖ បន្ទាប់ពីស្ដាប់ការពន្យល់របស់ក្រសួងទេសចរណ៍ អំពីការយកចិត្តទុកដាក់ផ្តល់នូវជំនាញទេសចរណ៍ ដល់អ្នកបម្រើការងារទាំងអស់ ស្របតាមស្តង់ដារជាតិ និងអាស៊ានរួចមក អ្នកជំនាញស្ប៉ា និងម៉ាស្សាទាំងអស់ ពិសេសអ្នកជំនាញជាជនពិការ បានគាំទ្រគោលនយោបាយរបស់ក្រសួងទេសចរណ៍យ៉ាងពេញចិត្ត ដែលបានដាក់ចេញនូវផែនការបណ្តុះបណ្តាលអ្នកកំពុងបម្រើការងារផ្នែកស្ប៉ា និងសុខុមាលភាព រួមមានពួកគេផងដែរ។
ការគាំទ្រនេះ ត្រូវបានស្ដែងចេញឡើងក្នុងកិច្ចប្រជុំមួយរវាងក្រសួងទេសចរណ៍ ជាមួយអ្នកជំនាញស្ប៉ា និងសុខុមាលភាព នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងទេសចរណ៍ក្រោមអធិបតីភាពលោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍។
លោក ជា បូរ៉ា បានរំឭកឡើងវិញអំពីការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ ក្នុងការផ្តល់នូវជំនាញទេសចរណ៍ដល់អ្នកបម្រើការងារទាំងអស់ ស្របតាមស្តង់ដារជាតិ និងអាស៊ាន ដើម្បីសម្រេចបាននូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥។
លោករដ្ឋលេខាធិការបន្តថា ជំនាញស្ប៉ា និងសុខុមាលភាព ជាជំនាញមួយជាក់លាក់ប្រកបដោយលក្ខណវិទ្យាសាស្រ្ត ដែលត្រូវធ្វើការសិក្សា សំដៅធ្វើយ៉ាងណាឲ្យអ្នកជំនាញទាំងអស់មានសមត្ថភាពខ្ពស់ ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោកថា នាពេលថ្មីៗនេះ ក្រសួងទេសចរណ៍ បានបង្កើតនូវស្តង់ដារសមត្ថភាពអ្នកជំនាញទេសចរណ៍ផ្នែកស្ប៉ា និងសុខុមាលភាព ដែលជាផែនទីបង្ហាញទិសសម្រាប់ការបណ្តុះបណ្តាល ឆ្លើយតបទៅនឹងប្រព័ន្ធបណ្តុះបណ្តាលជាតិ និងអាស៊ាន។ ដើម្បីជំរុញយន្តការនៃការបណ្តុះបណ្តាលនេះ ក្រសួងទេសចរណ៍ នឹងបើកវគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាព (វគ្គវិក្រឹត្យការ) ដល់អ្នកកំពុងបម្រើការងារផ្នែកស្ប៉ា និងសុខុមាលភាពនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។
កន្លងមក ដោយមើលឃើញពីភាពរីកចម្រើន លើការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងទេសចរណ៍កម្ពុជា ប្រទេសជាសមាជិកអាស៊ាន បានប្រគល់ភារកិច្ចជូនក្រសួងទេសចរណ៍កម្ពុជា រៀបចំស្តង់ដារបណ្តុះបណ្តាលអ្នកជំនាញស្ប៉ា និងសុខុមាលភាពអាស៊ាន សម្រាប់ធ្វើការបណ្តុះបណ្តាលអ្នកជំនាញផ្នែកនេះ នៅក្នុងប្រទេសទាំង១០ ដោយប្រើប្រាស់ស្តង់ដាររួម។ រហូតដល់ពេលនេះ ក្រសួងទេសចរណ៍បានបញ្ចប់ស្តង់ដារកម្ពុជា និងពង្រាងស្តង់ដាអាស៊ានរួចហើយ។
សូមរំឭកដែរថា បច្ចុប្បន្ន វិស័យទេសចរណ៍កម្ពុជាបង្កើតការងារដោយផ្ទាល់ជាង ៦២ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់ទៀត ដែលជាទិសដៅក្រសួងទេសចរណ៍ នឹងជំរុញជំនាញទេសចរណ៍ដល់អ្នកបម្រើការងារ ក្នុងវិស័យទេសចរណ៍កម្ពុជា៖
* ត្រឹមឆ្នាំ២០២០ បង្កើតការងារបានប្រមាណ ១លាននាក់ ហើយយ៉ាងតិច ៥០% មានវិញ្ញាបនបត្របញ្ជាក់ការសិក្សាជំនាញ។
* ត្រឹមឆ្នាំ២០២៥ បង្កើតការងារបានប្រមាណ ១.២លាននាក់ ហើយយ៉ាងតិច ១០០% មានវិញ្ញាបនបត្របញ្ជាក់ការសិក្សាជំនាញ។
* ត្រឹមឆ្នាំ២០៣០ បង្កើតការងារបានប្រមាណ ១.៧លាននាក់ ហើយសម្រេចឲ្យបានគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព SDG4 «ការសិក្សាពេញមួយជីវិត» និង SDG8 «ការងារសមរម្យ និងផលិតភាពខ្ពស់»៕