(ស្ទឹងត្រែង)៖ ថវិកា និងគ្រឿងឧបភោគ-បរិភោគដ៏ច្រើនសន្ធឹកសន្ធាប់ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោកឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ យកទៅប្រគល់ជូនកងទ័ពនៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ១ នៃតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ការប្រគល់អំណោយរបស់សម្ដេចទាំងពីរ ជូនកងទ័ពខាងលើនេះ បានធ្វើឡើងក្នុងឱកាសដែលអភិបាលខេត្តស្ទឹងត្រែង ម៉ុម សារឿន និងលោកឧត្តមសេនីយ៍ឯក ហួត ឈាង អញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខកងទ័ព នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨នេះ។
អំណោយទាំងនោះ រួមមាន៖ ធុងទឹកជ័រចំនួន ២០ធុង (ចំណុះ ២០០លីត្រ), ត្រីខកំប៉ុង ២០កេះ, មីម៉ាម៉ា ២០កេះធំ, ប៊ីចេង ១០០គីឡូក្រាម, ទឹកត្រី ៣០កេះ, ទឹកស៊ីអ៊ីវ ៣០កេះ, ខ្ទឹមស ២០០គីឡូក្រាម, សាច់គោ ៥០គីឡូក្រាម, សាច់ជ្រូក ៥០គីឡូក្រាម, ម៉ាស៊ីនភ្លើង និងឌីណាម៉ូកម្លាំង៥សេស ៣គ្រឿង, ម៉ាស៊ីនកាត់ស្មៅ ១គ្រឿង, ខ្សែភ្លើងគ្រប់ធុន ១៥ដុំ, អំពូលភ្លើង ៦៦ឈុត, ព្រីភ្លើង និងកុងតាក់ ១១៣ឈុត និងថវិកាចំនួន ២០,០០០រៀល ជូនពលទាហានម្នាក់ៗ៕