(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ការសិក្សាស្រាវជ្រាវ គឺជាសសរស្តម្ភមួយយ៉ាងសំខាន់ ក្នុងការប្រមូលឲ្យបាននូវព័ត៌មាន គ្រប់ជ្រុងជ្រោយ សម្រាប់កំណត់នូវគោលនយោបាយ និងយុទ្ធសាស្រ្តក្នុងវិស័យសុខាភិបាល ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។
រដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងឱកាសក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃកគម្រោងស្រាវជ្រាវ «ការអង្កេតតាមដានកត្ដាគ្រោះថ្នាក់ នៃជំងឺមិនឆ្លង នៅកម្ពុជាឆ្នាំ២០១៦» ដែលធ្វើឡើងនៅសាកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ ។
លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ថ្លែងទៀតថា «លទ្ធផលនៃការស្រាវជ្រាវតាមលក្ខណៈវិទ្យាសាស្រ្តដ៏មានសារៈសំខាន់មួយនៅកម្ពុជា អំពី កត្តាគ្រោះថ្នាក់របស់ជំងឺមិនឆ្លង បានធ្វើឡើងជាងរៀង៥ឬ៦ឆ្នាំម្ដង ដើម្បីទទួលបាននូវព័ត៌មានលម្អិតជុំវិញនៅបញ្ហាប្រឈមផ្សេងៗ យកមកដោះស្រាយ និងដាក់ចេញនូវយុទ្ធសាស្ដ្រការងារឲ្យមានប្រសិទ្ធិភាពខ្ពស់ ដើម្បីបម្រើនូវភាពចាំបាច់ដែលប្រជាពលរដ្ឋត្រូវការ ពិសេសនោះ គឺសុខុមាលភាពរបស់ប្រជាជនតែម្ដង» ។
ដូច្នេះការខិតខំប្រឹងប្រែងអនុវត្ដន៍គម្រោងស្រាវជ្រាវ របស់វិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ជាមួយនឹងអង្គការសុខភាពពិភពលោក និងស្ថាប័នពាក់ព័ន្ធនេះ បានទទួលនូវលទ្ធផលយ៉ាងជោគជ័យ ក្នុងការកំណត់ជាអាទិភាពលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជន ដែលនេះជាផ្នែកមួយដែលមានការគាំទ្រ និងយកទុកដាក់ខ្ពស់របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រី ។
ទន្ទឹមនឹងនេះ សាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាលបានថ្លែងថា លទ្ធផលនៃការសិក្សាស្រាវជ្រាវជុំទីពីរនេះ ក្រោយពីការសិក្សាជុំទីមួយ បានធ្វើឡើងដោយសកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល កាលពីឆ្នាំ២០១០។ ការសិក្សានេះត្រូវបានរៀបចំឡើងតាមបែប Cross sectional study ដែលបានជ្រើសរើសប្រជាជន ដែលមានអាយុពី ១៨ ដល់៦៩ឆ្នាំ ចូលក្នុងការសិក្សាស្រាវជ្រាវ ដោយប្រើប្រាស់ពិធីសារគោល របស់អង្គការសុខភាពពិភពលោក (WHO STEPwise approach to chronic disease risk factor Surveillance)។
លោកសាស្ដ្រាចារ្យ បន្ដថា «ការសិក្សានេះមានគោលបំណងធំៗចំនួន បួនគឺ៖ ទី១- ដើម្បីពិពណ៌នាអំពីកំរិតនៃកត្តាគ្រោះថ្នាក់ផ្សេងៗដែលទាក់ទងនឹងជំងឺមិនឆ្លង ក្នុងចំនោមមនុស្សពេញវ័យ ដែលមានអាយុពី១៨ ទៅ៦៩ឆ្នាំនៅកម្ពុជា, ទី២-ដើម្បីតាមដានទំហំ និងទិសដៅនៃការវិវត្តរបស់កត្តាគ្រោះថ្នាក់ផ្សេងៗដែលទាក់ទងនឹងជំងឺមិនឆ្លងនៅកម្ពុជា, ទី៣ ដើម្បីផ្តល់ព័ត៌មានគាំទ្រដល់ការធ្វើផែនការ និងវាយតម្លៃលើការអនុវត្តនូវកម្មវិធី និងគោលនយោបាយ ដែលទាក់ទងនឹងការកាត់បន្ថយជំងឺមិនឆ្លងនៅកម្ពុជា និងទី៤គឺ ដើម្បីប្រមូលនូវទិន្នន័យ សម្រាប់ការព្យាករណ៍នូវតំរូវការសេវាសុខាភិបាលនាពេលអនាគត។
សាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ថ្លែងទៀតថា ការសិក្សាក្នុងជុំទីពីរនេះ បានប្រមូលទិន្នន័យពីប្រជាជនចំនួន២,៨៨០នាក់ មកពីទូទាំងប្រទេសតាមរយៈការជ្រើសរើស សំណាកដោយវិធីសាស្រ្ត multi-stage cluster sampling ដោយមានបីជំហាន៖ ជំហានទីមួយ ជាការសម្ភាសន៍ ដើម្បីប្រមូលយកព័ត៌មាន ទាក់ទងនឹងកត្តាឥរិយាបថគ្រោះថ្នាក់ផ្សេងៗ និងប្រវត្តិសុខភាពដែលទាក់ទងនឹងជំងឺមិន ឆ្លង ជំហានទីពីរ គឺមានការពិនិត្យវាស់វែងនៅលើរាងកាយ ដើម្បីប្រមូលព័ត៌មានអំពីសំពាធឈាម កម្ពស់ ទម្ងន់ និងបរិមាត្រចង្កេះ និងត្រគាក ជំហានទីបី គឺការបូមឈាមដើម្បីពិនិត្យមើលកំរិតស្ករ និង ខ្លាញ់សរុបក្នុងឈាម។
ជាលទ្ធផលសង្ខេប ការសិក្សាស្រាវជ្រាវឆ្នាំ២០១៦នេះ បានរកឃើញថាមានភាព ប្រសើរឡើងនូវរង្វាស់កត្តាគ្រោះថ្នាក់មួយចំនួនដូចជា ការជក់បារី ការប្រើប្រាស់គ្រឿងស្រវឹង ការបរិភោគមិនបានគ្រប់គ្រាន់នូវផ្លែឈើនិងបន្លែ និងការធ្វើសកម្មភាពកាយវប្បកម្ម មិនបានគ្រប់គ្រាន់ជាដើម។ ទន្ទឹមនឹងនោះក៏សង្កេតឃើញ មានកត្តាគ្រោះថ្នាក់មួយចំនួន បានកើនឡើងដូចជា ការលើសទម្ងន់ និងធាត់ ការលើសសំពាធឈាម ការលើស ជាតិស្ករ និងខ្លាញ់ក្នុងឈាម និងការកើនឡើងនូវអត្រាអ្នកដែលមានកត្តាគ្រោះថ្នាក់ ចាប់ពី៣កត្តា ឬលើសក្នុងចំនោមប្រជាជន ដែលមានអាយុពី២៥ឆ្នាំ ដល់៦៤ឆ្នាំ ៕