(ភ្នំពេញ)៖ នៅយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថានទូតចិនប្រចាំកម្ពុជា បានរៀបចំពិធីលៀងសាយភោជនទទួលស្វាគមន៍លោក ឈុយ សៃអន Chui Sai on ប្រធានប្រតិបត្តិ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ និងគណៈប្រតិភូ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសកម្ពុជា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក ស្យុង បូ ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា, តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា រួមជាមួយអ្នកវិនិយោគិនរវាងប្រទេសទាំងពីរយ៉ាងច្រើនកុះករផងដែរ នៅសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះដែរ លោក ឈុយ សៃអន មានក្តីសង្ឃឹមយ៉ាងមុតមាំថា ចំណងមិត្តភាពរវាងកម្ពុជា-ចិន នឹងបន្តស្ថិតស្ថេរ សហការគ្នាឱ្យកាន់តែមានភាពជិតបន្ថែមទៀត ដើម្បីឈានទៅរកខ្សែក្រវ៉ាត់មួយ ផ្លូមួយផងដែរ។ ជាពិសេសក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងការជ្រោមជ្រែងរបស់ប្រជាជនប្រទេសទាំងពីរ ហើយមិត្តភាពកម្ពុជា-ចិន បានរីកស្គុះស្គាយឡើងជារៀងរាល់ថ្ងៃ ព្រមទាំងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ កំពុងមានភាពលេចធ្លោរជាលំដាប់ ក្នុងយុគសម័យថ្មីនេះ។
ក្នុងឱកាសបំពេញទស្សនកិច្ចនេះលោក ឈុយ សៃអន Chui Sai on ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ។
លោក ថោង ខុន បានថ្លែងថា តាមការប្រមើលមើលពីនិន្នាការរបស់ភ្ញៀវទេសចរ ពិសេសទេសចរចិន ខណៈចំនួនទេសចរចិន ដែលមកទស្សនាកម្ពុជា ពិតជាមានកំណើនឆាប់រហ័សណាស់ ដោយនៅឆ្នាំ២០១៧ ទេសចរចិនដែលមកទស្សនាកម្ពុជាមានចំនួន១.២លាននាក់ កើនឡើងជាង ៣០% (ក្នុងចំណោមទេសចរអន្តរជាតិជាង ៥លាននាក់) និងបន្តកើនឡើងថែមទៀត ក្នុងអំឡុងពេលត្រីមាសទី១ ឆ្នាំ២០១៨ គឺមានចំនួនជិត ៥០ម៉ឺននាក់ ក្នុងកំណើនជាង ៨០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៧ (ក្នុងចំណោមទេសចរអន្តរជាតិជាង១.៦លាននាក់ កើនឡើងជាង១១%)។
ត្រង់ចំណុចនេះលោកថាបើតាមការព្យាករណ៍ ភ្ញៀវទេសចរចិន ដែលមកទស្សនាកម្ពុជា អាចឡើងដល់ជិត២លាននាក់ នៅឆ្នាំ២០១៨នេះ ផងដែរ៕