(កំពង់ឆ្នាំង)៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ប្រជាពលរដ្ឋចំនួន១១ភូមិ និងអាជ្ញាធរឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានសំណូមពរឲ្យអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ ជួយកសាងស្ពានឆ្លងព្រែកតាកំ នៅក្នុងភូមិខ្លាគ្រហឹមឡើងវិញ ដោយស្ពានឈើនេះបានបាក់កាលពីថ្ងៃទី៥ ខែឧសភាកន្លងទៅ។
ម្យ៉ាងវិញទៀត នៅតែរយៈពេលជាង១ខែប៉ុណ្ណោះ ទឹកទន្លេចាប់ផ្តើមឡើងហើយ មិនអាចអំណោយផលការកសាងស្ពាននេះបាន ទន្ទឹមនឹងនោះផងដែរ ប្រជាពលរដ្ឋទាំង១១ភូមិ នឹងជួបការលំបាកមិនខាន។
ប្រជាពលរដ្ឋក្នុងភូមិខ្លាគ្រឹម ឃុំអំពិលទឹក បានរៀបរាប់ថា ស្ពានឈើនេះមានប្រវែង២០ម៉ែត្រ ហើយប្រជាពលរដ្ឋចំនួន១១ភូមិ មានរាប់ពាន់គ្រួសារ សិស្សសាលា និងកម្មករជាង៣០០នាក់ ក្នុនៅងឃុំអំពិលទឹកឆ្លងកាត់ជាប្រចាំ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅក្នុងខេត្តកំពង់ចាម និងខេត្តកណ្តាល មានព្រំប្រទល់ជាប់ឃុំអំពិលទឹក ក៏បានធ្វើដំណើរឆ្លងកាត់ និងដឹកជញ្ជូនកសិផលពីស្រែចំការ ឆ្លងកាត់ស្ពានមួយនេះទៅកាន់មូលដ្ឋាន និងទីផ្សារផងដែរ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ស្ពានឈើនេះមានអាយុកាលជាង៦០ឆ្នាំហើយ បានកសាងឡើងនៅក្នុងសម័យសង្គមរាស្រ្តនិយម។ ក្រោយឆ្នាំ១៩៧៩ អាជ្ញាធរបានធ្វើការជួសជុលប្រើរហូរមក ដែលមកដល់ពេលនេះ មានសភាពទ្រុឌទ្រោម និងបានបាក់នៅរសៀលថ្ងៃទី៥ ខែឧសភានេះ មិនអាចធ្វើដំណើរឆ្លងកាត់បានឡើយ។ តែថ្មីៗនេះអាជ្ញាធរឃុំ និងប្រជាពលរដ្ឋបាននាំគ្នាធ្វើផ្លូវវាងមួ យជិតស្ពាននេះ តែបើមានភ្លៀងវិញផ្លូវវាង ដែលមានស្ថានភាពចំណោតនេះ រអិលមិនអាចធ្វើដំណើរបានឡើយ។
អាជ្ញាធរឃុំអំពិលទឹក បានឲ្យដឹងថា ឆ្នាំមុនខាងមន្ទីរសាធារណការខេត្ត បានដឹកស្ពានដែកបាឡេមួយខ្សែ ប្រុងមកកសាងស្ពាននេះតែមិនដឹងជាយ៉ាងណា ក៏ស្ងាត់ទៅវិញមិនឃើញកសាងឡើយ។ តែពេលនេះស្ពាន បានបាក់ទៅហើយ ដូច្នេះប្រជាពលរដ្ឋ និងអាជ្ញាធរភូមិឃុំ គោរពស្នើសុំអាជ្ញាធរខេត្ត និងមន្ទីរសាជារណការខេត្ត មេត្តាជួយកសាងស្ពាននេះឲ្យបានឆាប់ៗវិញផង។
ទាក់ទងនិងស្ពាននេះដែរ លោក កែវ ពៅ ប្រធានមន្ទីរសាធារណការ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៨ ខែឧសភានេះ បានឲ្យដឹងថា ការយឺតយ៉ាវឆ្នាំមុនដែលមិនបានកសាងស្ពាននេះដោយ សារតែខ្វះដែកស្ពានបេឡេ១ភាគ៣ ហើយក្រសួងក៏ខ្វះលុយផងដែរ តែឆ្នាំនេះលោកបានលើកគម្រោងកសាងស្ពាននេះហើយ និងនៅអាទិត្យក្រោយនេះ ផ្នែកនាយកដ្ឋានជំនាញរបស់ក្រសួង នឹងចុះមកពិនិត្យ និងសិក្សា ដើម្បីធ្វើការកសាងស្ពានដែកបេឡេប្រវែង២៤ម៉ែត្រ នៅចំណុចស្ពា នព្រែកតាកំនេះ ជូនប្រជាលរដ្ឋយើងហើយ៕