(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានជុំវិញលទ្ធផលផ្លូវការ នៃការធ្វើតេស្តពិសោធន៍លើទឹក ដោយបង្ហាញថា ទឹកដែលប្រជាពលរដ្ឋប្រើប្រាស់នៅភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះនោះ គឺមានសារធាតុគីមីសម្លាប់ស្មៅ និងសម្លាប់សត្វល្អិតកម្រិតខ្ពស់ ដែលសារធាតុនេះធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ឆ្លងកាត់ការពិសោធន៍រកឃើញថា៖
១៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ លទ្ធផលទទួលបានពីការធ្វើតេស្តលើសំណាកទឹក ឃើញថា មានជាតិពុលដែលបណ្តាលមកពីថ្នាំបាញ់សម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិតហូរចូលក្នុងព្រែកតេ និងអូរគគីរ មានលើសពីកម្រិតស្តង់ដាររហូតដល់ពី ១២.៣៩ppd ដល់ ២៦.១២ppb (ppb: part per billion= microgram per liter) ដែលកំហាប់សរុបមិនត្រូវលើសពី ០.៥ppd ឡើង (ស្តង់ដារអឺរ៉ុប)។
២៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ លទ្ធផលទទួលបានពីការធ្វើតេស្តពិសោធន៍លើសំណាកស្រា ស ឃើញថា មានជាតិមេតាណុលខ្ពស់ លើសកម្រិតរហូតដល់១៤.៩ភាគរយ ដែលធ្វើឲ្យពុលខ្លាំង ដែលមានកម្រិតមិនពុលនោះមិនត្រូវលើសពី០.១ភាគរយឡើយ។
ក្រសួងសុខាភិបាលបានបញ្ជាក់ និងសន្និដ្ឋានថា «អ្នកដែលមានរោគសញ្ញាស្របតាមនិយមន័យ «ពុល» គឺពុលដោយសារពិសារស្រាស ដែលមានជាតិមេតាណុលខ្ពស់លើកកម្រិត និងពុលដោយសារការបរិភោគទឹកយកពីព្រៃកតេ និងអូរគគី ដែលមានជាតិគីមីពុលដោយសារថ្នាំបាញ់ស្មៅ និងសត្វល្អិត ដែលហូរចូលក្នុងព្រែក និងអូនោះមានកំហាប់លើសកម្រិត»។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង នៅរសៀលថ្ងៃនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់នោះ សូមមេត្តាបញ្ឈប់ការប្រើប្រាស់ទឹកនោះជាបន្ទាន់សិន ដើម្បីជៀសវាងបញ្ហាដល់អាយុជីវិត។ សូមឲ្យអាជ្ញាធរមូលដ្ឋានជួយផ្តល់ទឹកស្អាតដល់ប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្នសិន។
អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារពុលស្រា និងទឹក នៅឃុំកន្ទួត ស្រុកចិត្របុរី មួយចំនួនបានធូរស្រាល ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅផ្ទះវិញជាបណ្តើរៗហើយ។
សូមជំរាបថា បើតាមប្រធានមន្ទីរសុខាភិបាល ខេត្តក្រចេះ បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ចំនួន១៣នាក់ ក្នុងនោះមានស្រី៨នាក់ និងអ្នកធ្លាក់ខ្លួនឈឺមានចំនួន២៨០នាក់ ក្នុងនោះស្រី១៦២នាក់ និងកុមារ៦៩នាក់។ សម្រាប់ជនរងគ្រោះដែលបាត់បង់ជីវិតទាំង១៣នាក់ គឺស្លាប់នៅផ្ទះចំនួន៦នាក់, ស្លាប់នៅមន្ទីរពេទ្យបង្អែកម្នាក់, ស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត២នាក់, ស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យកាល់ម៉ែត២នាក់ និងស្លាប់នៅតាមផ្លូវពេលបញ្ចូនដល់មន្ទីរពេទ្យកាល់ម៉ែត២នាក់។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដោយប្រជាពលរដ្ឋរងគ្រោះមានរោគសញ្ញា៖ ឈឺពោះ, ក្អួតចង្អោរ, ឈីក, អស់កម្លាំង, ទន់ដៃទន់ជើង, វិលមុខ និងថប់ដង្ហើម រហូតបណ្តាលឲ្យស្លាប់ និងជនរងគ្រោះជាច្រើននាក់ផ្សេងទៀត ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យកាល់់ម៉ែត រាជធានីភ្នំពេញ៕