(កំពង់ឆ្នាំង)៖ នៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឃុំចំនួន២ នៃស្រុកបរិបូរណ៌ ដើមឈើជាច្រើនដើម បានបាក់សង្កត់មកលើថ្នល់ជាតិ បង្កការស្ទះចរាចរណ៍មួយរយៈខ្លី ដោយសារភ្លៀងលាយខ្យល់កន្ត្រាក់ខ្លាំងៗ។
ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង បានរាយការណ៍ថា ក្រោយពីដើមឈើជាច្រើនដើម បានបាក់សង្កត់មកលើថ្នល់ជាតិ បង្កការស្ទះចរាចរណ៍ អាជ្ញាធរស្រុក អាជ្ញាធរឃុំ ភូមិ រួមនិងប្រជាពលរដ្ឋ បានចូលរួមកាត់រុញដើមឈើទាំងនោះចេញ ដើម្បីសម្រួលចរាចរណ៍ឡើងវិញ។
អាជ្ញាធរស្រុកបរិបូណ៍បានឲ្យដឹងថា ភ្លៀងលាយខ្យល់កន្ត្រាក់ បានធ្វើឲ្យដួលរលំដើមឈើលើថ្នល់ជាតិលេខ៥ ចាប់ពីភូមិផ្សារ ឃុំផ្សារ ដល់ភូមិស្រះកែវ ឃុំមេលំ អស់ចំនួន២៤ដើម បណ្តាលឲ្យស្ទះចរាចរណ៍ ដោយកន្លែងប្រជាពលរដ្ឋមិនអាចធ្វើដំណើរបាន។
កម្លាំងសមត្ថកិច្ច និងអាជ្ញាធរភូមិឃុំស្រុក ចេញអារកាត់ដើមឈើជាកង់ៗ និងបានយកត្រាក់ទ័រ រុញចេញឲ្យផុតពីផ្លូវ ដើម្បីសម្រួលការស្ទះចរាចរណ៍ ជូនប្រជាពលរដ្ឋធ្វើដំណើរឲ្យទាន់ពេលវេលា។ ចំពោះហេតុការណ៍គ្រោះធម្មជាតិខាងលើនេះ ក៏នៅមានការខូចខាតផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងផងដែរ ខណៈអាជ្ញាធរមូលដ្ឋាន កំពុងស្រាវជ្រាវស្រង់ស្ថិតិ៕