(ក្រចេះ)៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨នេះ អាជ្ញាធរស្រុកចិត្របុរី បានជូនក្រុមការងាររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហការជាមួយកងរាជអាវុធហត្ថខេត្ត នគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោក ប៉ែន លីណាត អភិបាលរងខេត្ត ចុះទៅពិនិត្យទីតាំងផលិតស្រាស នៅក្នុងភូមិទីដែលមានហេតុការណ៍ពុល មនុស្សស្លាប់ចំនួន១៣នាក់ និងធ្លាក់ខ្លួនឈឺជិត៣០០នាក់។
អាជ្ញាធរស្រុកចិត្របុរី បានឲ្យដឹងថា ក្រុមការងារបានចុះទៅផ្ទះប្រជាពលរដ្ឋឈ្មោះ ឆី ទ្រី (ថេង ទ្រី) នៅភូមិស្រែនន ដោយបានធ្វើកិច្ចសន្យាបញ្ឈប់ការបិទស្រាបណ្ដោះអាសន្ន និងបានប្រមូលយកស្រាស បានចំនួន២កាន ស្មើ៦០លីត្រ ដើម្បីយកទៅពិសោធន៍ និងចុះទៅពិនិត្យនៅផ្ទះប្រជាពលរដ្ឋឈ្មោះ ខុន ចាន់ធី (ម្ចាស់ផ្ទះមិននៅ ទៅសម្រាកពេទ្យ) ដោយមានសមាជិកភូមិជួយដឹងឮ ហើយបានប្រមូលយកស្រាស ចំនួន៧កាន ស្មើ២១០លីត្រ ដើម្បីពិសោធន៍ និងបានឲ្យសមាជិកភូមិ ជួយហាមឃាត់កុំឲ្យម្ចាស់ផ្ទះផ្អាកការបិទស្រាបណ្ដោះអាសន្ន។
សូមបញ្ជាក់ថា ហេតុការណ៍ពុលនេះ បានកើតឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដោយប្រជាពលរដ្ឋរងគ្រោះមាន រោគសញ្ញា៖ ឈឺពោះ, ក្អួតចង្អោរ, ឈីក, អស់កម្លាំង, ទន់ដៃទន់ជើង, វិលមុខ និងថប់ដង្ហើម រហូតបណ្តាលឲ្យស្លាប់ និងជនរងគ្រោះជាច្រើននាក់ផ្សេងទៀត ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យកាល់់ម៉ែត រាជធានីភ្នំពេញ។ គ្រោះថ្នាក់នេះ បានបណ្តាលឲ្យមនុស្សចំនួន១៣នាក់ បានស្លាប់ និងជិត៣០០នាក់ ផ្សេងទៀតបានធ្លាក់ខ្លួនឈឺ។
សម្រាប់មូលហេតុវិញត្រូវបានមន្រ្តីជំនាញ និងអាជ្ញាធរខេត្តបញ្ជាក់ថា បណ្តាលមកពីពុលស្រាស និងពុលទឹកព្រែកទេដែលមានសារធាតុគីមីសម្លាប់ស្មៅ និងសម្លាប់សត្វល្អិតកម្រិតខ្ពស់។
នៅរសៀលថ្ងៃនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងទៅសាធារណជនតាមរយៈបណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា លទ្ធផលនៃការធ្វើពិសោធន៍លើទឹក បង្ហាញហើយ ទឹកដែលប្រជាពលរដ្ឋប្រើប្រាស់នៅភូមិស្រែនន និងភូមិអាលច នោះមានសារធាតុគីមីសម្លាប់ស្មៅ និងសម្លាប់សត្វល្អិតកម្រិតខ្ពស់ ដែលសារធាតុនេះធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។
លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់នោះ សូមមេត្តាបញ្ឈប់ការប្រើប្រាស់ទឹកនោះជាបន្ទាន់សិន ដើម្បីជៀសវាងបញ្ហាដល់អាយុជីវិត។ សូមឲ្យអាជ្ញាធរមូលដ្ឋានជួយផ្តល់ទឹកស្អាតដល់ប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្នសិន។
អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារពុលស្រា និងទឹក នៅឃុំកន្ទួត ស្រុកចិត្របុរី មួយចំនួនបានធូរស្រាល ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅផ្ទះវិញជាបណ្តើរៗហើយ។
សូមជំរាបថា បើតាមប្រធានមន្ទីរសុខាភិបាល ខេត្តក្រចេះ បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ចំនួន១៣នាក់ ក្នុងនោះមានស្រី៨នាក់ និងអ្នកធ្លាក់ខ្លួនឈឺមានចំនួន២៨០នាក់ ក្នុងនោះស្រី១៦២នាក់ និងកុមារ៦៩នាក់។ សម្រាប់ជនរងគ្រោះដែលបាត់បង់ជីវិតទាំង១៣នាក់ គឺស្លាប់នៅផ្ទះចំនួន៦នាក់, ស្លាប់នៅមន្ទីរពេទ្យបង្អែកម្នាក់, ស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត២នាក់, ស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យកាល់ម៉ែត២នាក់ និងស្លាប់នៅតាមផ្លូវពេលបញ្ចូនដល់មន្ទីរពេទ្យកាល់ម៉ែត២នាក់៕