(បាត់ដំបង)៖ នៅចំពោះមុខបងប្អូនអតីតយុទ្ធជន ដែលត្រូវទទួលបានមេដាយការពារជាតិ ចំនួន៨៧៩នាក់ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា សមាគមអតីតយុទ្ធជនកម្ពុជា ដែលបង្កើត និងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងបំពេញការងារ ដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកយ៉ាងសំខាន់ ដល់ការពង្រឹងពង្រីកតួនាទីរបស់អតីតយុទ្ធជន ការកែលំអជីវភាព ការបង្កើនស្មារតីជួយគ្នាទៅវិញទៅមក។
ក្នុងពិធីនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានបញ្ជាក់ថា រយៈពេលជាង២ឆ្នាំ ចុងក្រោយនេះ សមាគមសម្រេចបានលទ្ធផល គួរកត់សំគាល់ជាអាទិ៍ ការបើកផ្តល់ប្រាក់មរណសង្រ្គោះ បានទាន់ចំថ្ងៃបុណ្យសពផ្សារភ្ជាប់ទំនាក់ទំនង កាន់តែជិតស្និទ្ធជាមួយសមាជិកទាំងអស់តាម ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស។
បន្ថែមពីនេះ សមាគមបានការគិតគូរសាងសង់ផ្ទះជូនអតីតយុទ្ធជនលំបាកខ្វះខាត, ការត្រៀមបែងចែកផ្តល់ដីសម្បទានសង្គមកិច្ចដើម្បីបានអាស្រ័យផល ការពង្រឹងការគ្រប់គ្រងសមាជិកនៅមូលដ្ឋានឃុំ ភូមិ តាមរយៈការរៀបចំសៀវភៅ បញ្ជីគ្រប់គ្រងឲ្យបានច្បាស់លាស់ ដែលរួមចំណែកយ៉ាងសំខាន់ ដល់ការអនុវត្តន៍គោលនយោបាយជាតិ។
ជាក់ស្ដែងនៅស្រុកបាណន់ សមាគមអតីតយុទ្ធជន បានដោះស្រាយប្រាក់បេឡាមរណសង្គ្រោះ២៨សព និងប្រាក់ធានារ៉ាប់រងសង្គម ជូនគ្រួសារសព៤៤គ្រួសារ ចំពោះសមាជិកមានជីវភាពទាល់ក្រ៥៨គ្រួសារ ក្នុងនោះអ្នកមានដីអត់ផ្ទះ១៣គ្រួសារ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះជូន០៧ខ្នងរួចហើយ។
នៅថ្ងៃនេះតែម្ដង នាយឧត្តមសេនីយ៍ គន់ គីម បានគោរពសុំសម្តេច បាន០៣ខ្នងទៀតជូនដល់៖ លោកតា តាន់ គឹមស៊ា យោធិននិវត្តន៍ នៅភូមិបាណន់ ឃុំកន្ទឺ២, លោកយាយ ចា រុំ គ្រួសារពលី នៅភូមិបុស្សខ្នុរ ឃុំចែងមានជ័យ និងគ្រួសារ ព្រះភិក្ខុ លឹម ប៊ុនថន អតីតយោធិនពិការ នៅភូមិដូង ឃុំចែងមានជ័យ។
ជាមួយគ្នានេះ លោកតា ពេជ្រ សេដា អាយុ៨៣ឆ្នាំ ជាយោធិននិវត្តន៍ នៅភូមិភ្នំសំពៅខាងកើត ឃុំភ្នំសំពៅ បានសម្ដែងការដឹងគុណដល់រាជរដ្ឋាភិបាល និងសមាគមអតីតយុទ្ធជន ដែលបានយកចិត្តទុកដាក់ដល់ពួកគាត់ទាំងជីវភាព និងសុខភាពពេលឈឺទៅពេទ្យមិនអស់លុយទេ ហើយប្ដេជ្ញាថា នៅពេលខាងមុខនេះនឹងបោះឆ្នោតជូន សម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តដឹកនាំប្រទេស៕