(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មជ្ឍមណ្ឌលពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងការមជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យ នៃជនពិការ ភ្នំពេញនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ បានសហការបើកវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពដល់បងប្អូនជនមានពិការភាព ដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជា ដើម្បីផ្ដល់នូវចំណេះដឹង និងជំនាញក្នុងការកែច្នៃផលិតផលឱ្យមានគុណភាព និងស្ដង់ដារខ្ពស់ សម្រាប់បង្កើននូវប្រាក់ចំណូល និងចូលរួមប្រកួតប្រជែងនៅលើទីផ្សារក្នុងស្រុក និងតំបន់ថែមទៀត។
ក្នុងសិក្ខាសាលាស្ដីពីការគ្រប់គ្រងគុណភាពផលិតផល និងការរៀបចំផែនការយុទ្ធសាស្រ្ដ ទីផ្សារនៃគម្រោងធ្វើឱ្យប្រសើរឡើងសម្រាប់សហគមន៍ នាព្រឹកថ្ងៃទី០៨ ឧសភានេះ នៅសណ្ឋាគារភ្នំពេញ លោក នេត អ៊ុន អគ្គលេខាធិការរងនិងជាតំណាងលោក ឯម ច័ន្ទមករា អគ្គលេខានៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា គម្រោងនេះគឺជាផ្នែកមួយ នៃដំណាក់កាលអនុវត្ដន៍គម្រោងសាកល្បង កែលម្អសហគមន៍ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ដើម្បីបង្កើនមុខរបរ ជំនួញអាជីវកម្មការចាត់ចែង និងគ្រប់គ្រងទីផ្សារ សម្រាប់ប្រែក្លាយយុទ្ធសាស្រ្ដឱ្យទៅ ជាសកម្មភាពជាក់ស្ដែងក្នុងការពង្រីកមុខរបរ និងបង្កើនប្រាក់ចំណូលសម្រាប់បងប្អូនជនពិការនៅកម្ពុជា។
លោក នេត អ៊ុន បានបញ្ជាក់ថា តាមរយៈការបណ្ដុះបណ្ដាលជំនាញនេះ បងប្អូនជនពិការ អាចទទួលបាននូវចំណេះដឹង បច្ចេកវិទ្យា និងជំនាញថ្មីៗ ដើម្បីបង្កើននូវគុណភាព និងរៀបចំឱ្យមានស្ដង់ដារ ផលិតផលរបស់បងប្អូនជនពិការ អាចចូលរួមប្រកួតប្រជែងនៅទីផ្សារក្នុងស្រុក និងតំបន់ថែមទៀត នាពេលអនាគត។