(លីជាំង, ចិន)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះហត្ថលេខាលើអនុសារណៈ ស្តីពីកិច្ចសហប្រតិបត្តិការមិត្តភាពរវាងខេត្តព្រះវិហារ របស់កម្ពុជា និងទីក្រុងលីជាំង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងលីជាំង។
មន្ត្រីសាលាខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ពីទីក្រុងលីជាំង ខេត្តយូណាន ប្រទេសចិន នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨នេះថា ស្របតាមគោលការណ៍ នៃសេចក្តីថ្លែងការរួម ស្តីពីការបង្កើតនូវទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ខេត្តព្រះវិហារ និងក្រុងលីជាំង មានបំណងរឹតចំណងមេត្រីភាព និងការយោគយល់គ្នាទៅវិញទៅមក រវាងប្រជាជនកម្ពុជា និងប្រជាជនចិន ព្រមទាំងមានបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពរវាងភាគីទាំងពីរ។
តាមរយៈការពិភាក្សាក្នុងលក្ខណៈមិត្តភាព ភាគីទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងស្តីពីការបង្កើតចំណងមិត្តភាព ខេត្តព្រះវិហារ និងក្រុងលីជាំង ដោយបានឯកភាពគ្នា ឆ្ពោះទៅរកសមាសភាព និងផលប្រយោជន៍ទៅវិញទៅមកក្នុងគោលបំណង៖ លើកកម្ពស់ការទំនាក់ទំនងមិត្តភាព និងពាណិជ្ជកម្មរវាងប្រជាពលរដ្ឋ ខេត្តព្រះវិហារ និងប្រជាពលរដ្ឋ នៃទីក្រុងលីជាំង និងធ្វើការផ្លាស់ទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម នៅក្នុងវិសយ័កសិកម្ម ពាណិជ្ជកម្ម វប្បធម៌ អប់រំ ទេសចរណ៍ សុខាភិបាល និងការផ្លាស់ប្តូរបុគ្គលិកសិក្សា។
ស្ថិតក្នុងបរិយាកាសដ៏រីករាយនេះស្និទស្នាលនេះផងដែរ ភាគីទាំងពីរ បានជូនការដូរអនុស្សាវរីយ៍គ្នាទៅវិញទៅមក និងបានទៅទស្សនាកន្លែងសំខាន់ៗមួយចំនួនផងដែរ៕