(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា) បានចូលរួមក្នុងទិវាប្រារឰខួបលើកទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម និងបានបរិច្ចាគទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារអាមេរិក ដើម្បីជួយដល់ការកាត់បន្ថយភាពក្រីក្រ ការជួយសង្គ្រោះគ្រោះមហន្តរាយ ការថែទាំសុខភាព អភិវឌ្ឍន៍ការអប់រំ និងកិច្ចការសុខុមាលភាពសាធារណៈផ្សេងៗទៀត។
ក្នុងថ្ងៃនោះផងដែរ លោក Li Xiongwei អគ្គនាយកក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា) បានចូលរួមក្នុងកម្មវិធី និងជាតំណាងឱ្យក្រុមហ៊ុន ហួវៃ ក្នុងការបរិច្ចាគប្រាក់ចំនួន ២០ ម៉ឺនដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជា។ នេះសរបញ្ជាក់អោយឃើញថា ខណៈពេលដែលក្រុមហ៊ុន ហួវៃ បាននិងកំពុងដំណើរការយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនក៏បានផ្សារភ្ជាប់ខ្លួនយ៉ាងសកម្មដូចគ្នាទៅនឹងសង្គម ដែលនេះគឺជាទំនួលខុសត្រូវមួយរបស់ក្រុមហ៊ុន។
លោក Li Xiongwei បានបញ្ជាក់ថា «ក្រុមហ៊ុនហួវៃ គឺជាក្រុមហ៊ុនលំដាប់ពិភពលោក ហើយក្រុមហ៊ុនប្រកាន់ខ្ជាប់នូវប្រតិបត្តិការប្រកបដោយស្ថេរភាព ការច្នៃប្រឌិតថ្មី និងកិច្ចសហប្រតិបត្តិការបើកចំហ។ ក្រុមហ៊ុនមានការទទួលខុសត្រូវជាពិសេស និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសុខុមាលភាពសង្គម ដោយឡែកក្រុមហ៊ុន ហួវៃប្រចាំនៅប្រទេសកម្ពុជា ក៏បានធ្វើការរួមចំណែកដូចគ្នា ជាមួយសកម្មភាពសុខុមាលសាធារណៈរបស់ប្រទេសកម្ពុជា ហើយក្រុមហ៊ុនសង្ឃឹមថា ការអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុន នឹងជួយប្រទេសកម្ពុជា ក៏ដូចជាប្រជាជនរបស់ខ្លួន»។
ក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា) បានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជិត១៩ឆ្នាំហើយ បច្ចុប្បន្ននេះក្រុមហ៊ុន បានក្លាយជាក្រុមហ៊ុនឈានមុខគេ នៅកម្ពុជា ក្នុងការផ្គត់ផ្គង់ឧបករណ៍ទូរគមនាគមន៍ព័ត៌មានវិទ្យា(ICT)។ ក្រុមហ៊ុន បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការផ្តល់នូវដំណោះស្រាយ សេវាកម្ម ក៏ដូចជាផ្គត់ផ្គង់ឧបករណ៍ទូរគមនាគមន៍ព័ត៌មានវិទ្យា(ICT) ដល់ប្រតិបត្តិករក្នុងស្រុក សហគ្រាសនិងអ្នកប្រើប្រាស់ ព្រមទាំងបានក្លាយទៅជាដៃគូយុទ្ធសាស្ត្រសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចឌីជីថល(Digital Economic) ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុនក៏បានផ្តោតសំខាន់ក្នុងការបំពេញនូវកាតព្វកិច្ច ដែលជាការទទួលខុសត្រូវលើសុខុមាលភាពសាធារណៈ សង្គម និងយកចិត្តទុកបន្ថែមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបច្ចេកវិជ្ជាព័ត៌មានវិទ្យា ដោយការបន្តសហការជាមួយបណ្តាសាកលវិទ្យាល័យ បណ្តាក្រុមហ៊ុន និងបណ្តាស្ថាប័នបណ្តុះបណ្តាលក្នុងស្រុក។
ជាលទ្ធផល អស់រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនបានបណ្តុះបណ្តាលវិស្វករទូរគមនាគមន៍ជាង៤០០នាក់និងបានបង្កើតការងារចំនួនជាង១,០០០ការងារ ក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាទូរគមនាគមន៍សម្រាប់ប្រជាជនកម្ពុជា ៕