(ភ្នំពេញ)៖ ប្រធានប្រតិបត្តិ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ លោក ឈុយ សៃអន (Chui Sai on) បានទទួលយកសំណើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការជំរុញឱ្យម៉ាកាវទិញអង្ករល្អពីកម្ពុជា។ លោកអះអាងថា ម៉ាកាវ នឹងពិចារណាក្នុងការទិញអង្ករនេះ។
ការបង្ហាញជំហរនេះ បានធ្វើឡើង នៅសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសសេម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយ លោក ឈុយ សៃអន Chui Sai on ប្រធានប្រតិបត្តិ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ នៅវិមានសន្តិភាព។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ស្នើសុំឱ្យលោក Chui Sai on ពិនិត្យមើលលើអ្វីដែលតំបន់រដ្ឋបាលពិសេសម៉ាកាវ អាចចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជាយើង ដូចជាតាមរយៈការវិនិយោគទុន ជំរុញទេសចរណ៍បន្ថែមទៀតមកកម្ពុជា និងជំរុញពិនិត្យលើការនាំចេញអង្ករដ៏ល្អរបស់កម្ពុជា ទៅទៅនោះ ផងដែរ»។
ក្នុងជំនួបនោះ លោក Chui Sai on ក៏បានយល់ស្របនូវអ្វីដែលសម្តេចតេជោស្នើសុំ ហើយលោកនឹងអនុវត្តន៍ នាពេលបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានរំលឹកថា កាលពីឆ្នាំ២០១៥ សម្តេចបានទៅទស្សនកិច្ចនៅម៉ាកាវ ប៉ុន្តែពេលនោះពុំទាន់មានការហោះហើរត្រង់ទេ តែពេលនេះ មានកាហោះហើរត្រង់ហើយ ហើយការហោះហើរត្រង់នេះ កំពុងតែនាំនូវទេចរណ៍យ៉ាងច្រើន មិនត្រឹមតែកម្ពុជាទេ គឺកម្ពុជាទៅកាន់ម៉ាកាវក៏ច្រើនដែរ។
បន្ថែមពីនេះ សម្តេចតេជោ ក៏ជំរុញឱ្យមានការពិនិត្យ លើវិស័យធនធានមនុស្ស ជាពិសេសលើវិស័យទេសចរណ៍ និងសេវាកម្មថែមទៀត៕