(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងទៅសាធារណជនតាមរយៈបណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០៨ ខែឧសភានេះថា លទ្ធផលនៃការធ្វើពិសោធន៍លើទឹក បង្ហាញហើយ ទឹកដែលប្រជាពលរដ្ឋប្រើប្រាស់នៅភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះនោះ គឺមានសារធាតុគីមីសម្លាប់ស្មៅ និងសម្លាប់សត្វល្អិតកម្រិតខ្ពស់ ដែលសារធាតុនេះធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។
លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់នោះ សូមមេត្តាបញ្ឈប់ការប្រើប្រាស់ទឹកនោះជាបន្ទាន់សិន ដើម្បីជៀសវាងបញ្ហាដល់អាយុជីវិត។ សូមឲ្យអាជ្ញាធរមូលដ្ឋានជួយផ្តល់ទឹកស្អាតដល់ប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្នសិន។
អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារពុលស្រា និងទឹក នៅឃុំកន្ទួត ស្រុកចិត្របុរី មួយចំនួនបានធូរស្រាល ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅផ្ទះវិញជាបណ្តើរៗហើយ។
សូមជំរាបថា បើតាមប្រធានមន្ទីរសុខាភិបាល ខេត្តក្រចេះ បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ចំនួន១៣នាក់ ក្នុងនោះមានស្រី៨នាក់ និងអ្នកធ្លាក់ខ្លួនឈឺមានចំនួន២៨០នាក់ ក្នុងនោះស្រី១៦២នាក់ និងកុមារ៦៩នាក់។ សម្រាប់ជនរងគ្រោះដែលបាត់បង់ជីវិតទាំង១៣នាក់ គឺស្លាប់នៅផ្ទះចំនួន៦នាក់, ស្លាប់នៅមន្ទីរពេទ្យបង្អែកម្នាក់, ស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត២នាក់, ស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យកាល់ម៉ែត២នាក់ និងស្លាប់នៅតាមផ្លូវពេលបញ្ចូនដល់មន្ទីរពេទ្យកាល់ម៉ែត២នាក់។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដោយប្រជាពលរដ្ឋរងគ្រោះមានរោគសញ្ញា៖ ឈឺពោះ, ក្អួតចង្អោរ, ឈីក, អស់កម្លាំង, ទន់ដៃទន់ជើង, វិលមុខ និងថប់ដង្ហើម រហូតបណ្តាលឲ្យស្លាប់ និងជនរងគ្រោះជាច្រើននាក់ផ្សេងទៀត ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យកាល់់ម៉ែត រាជធានីភ្នំពេញ៕