(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ ទទួលបានទេយ្យវត្ថុ មានជាគ្រឿងឧបភោគបរិភោគ មួយចំនួនធំ និងបច្ច័យ ពីព្រះតេជគុណ ព្រះចៅអធិការ វត្តឧត្តរាវត្តី ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដើម្បីយកមករក្សាត្រៀមទុកបន្តចែកជូនជួយសង្គ្រោះ តាមគ្រួសារក្រីក្រងាយរងគ្រោះ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក ជា ពិសី បានថ្លែងថា រូបលោកផ្ទាល់ ជំនួសមុខឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ពិតជាមានមោទនភាពយ៉ាងក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណ ព្រះចៅអធិការវត្តឧត្តរាវត្តី ដោយបានផ្ដល់ជូននូវវប្បធម៌ ចែករំលែក មកដល់អនុសាខាកាកបាទក្រហមកម្ពុជា ក្នុងបំណងចូលរួមគាំទ្រជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ។
លោក ជា ពិសី បញ្ជាក់ថា លោកនឹងបន្តនាំយកនូវបច្ច័យ រួមជាមួយគ្រឿងឧបភោគបរិភោគ ដែលព្រះតេជគុណ ព្រះចៅអធិការវត្តឧត្តរាវត្តី បានឧបត្ថម្ភជួយមក អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដើម្បីបន្តចែកជូនជួយសង្គ្រោះទៅដល់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ។
បើតាមលោកអភិបាលខណ្ឌ ឲ្យតែជាពលរដ្ឋងាយរងគ្រោះ រស់នៅលើទឹកដីកម្ពុជា ក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីឲ្យស្របតាមការដឹកនាំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា៕