(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យលោក Doug Ericksen សមាជិកព្រឹទ្ធសភាអាមេរិក និងសហការី មកពីគណបក្សសាធារណរដ្ឋ របស់លោក ដូណាល់ ត្រាំ ក្នុងរដ្ឋវ៉ាស៊ីនតោន ជួបពិភាក្សាកាងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា ក្នុងជំនួបនោះក្រុមសមាជិកព្រឹទ្ធសភាអាមេរិក បានបង្ហាញពីគម្រោងចង់បោះទុនការវិនិយោគលើការចិញ្ចឹមគោយកទឹកដោះ ខណៈដែលពិនិត្យ និងវាយតម្លៃឃើញថាកម្ពុជាជាមានប្រទេសមានសក្តានុពល ហើយខ្លួនមានបទពិសោធន៍ លើការបើកការដ្ឋានចិញ្ចឹមគោយកទឹកដោះនេះ នៅអាមេរិកផងដែរ ហើយនៅកម្ពុជាមិនទាន់មានក្រុមហ៊ុនណាវិនិយោគនៅឡើយ។
លោករដ្ឋមន្ត្រីបានឲ្យដឹងថា ការចិញ្ចឹមគោយកទឹកដោះនេះ គឺដើម្បីបំរើដល់ការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញផងដែរ។
បើតាមលោករដ្ឋមន្ត្រី ក្រៅពីបង្ហាញបំណងចង់វិនិយោគ លើការចិញ្ចឹមគោយកទឹកដោះនេះ ប្រតិភូសមាជិកព្រឹទ្ធសភាអាមេរិក ក៏បង្ហាញពីបំណងចង់វិនិយោគនាំចេញស្រូវអង្ករ និងផ្លៃឈើពីកម្ពុជាផងដែរ ដោយរួមមានទាំងការកែឆ្នៃ ស្របតាមវិធានភូតគាមអនាម័យ និងការវិចខ្ចប់ដើម្បីនាំចេញ។
លោក វេង សាខុន បានឲ្យដឹងថា ប្រតិភូសមាជិកព្រឹទ្ធសភាអាមេរិក ក៏ការពិនិត្យមើលពីសក្តានុពលក្នុងការពង្រីកទីផ្សារ របស់អាមេរិកនៅកម្ពុជា ដើម្បីនាំចូលនូវផលិតផលកសិកម្មពីសហរដ្ឋអាមេរិក មកលក់នៅកម្ពុជាផងដែរ។
លោកបញ្ជាក់ទៀតថា ប្រតិភូក៏បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនលើវិស័យកសិកម្មនៅកម្ពុជាកន្លងមក ហើយបានសន្យាថា បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនេះ ឲ្យបានកាន់ខ្លាំងក្លាថែមទៀត ជាមួយនឹងការបង្កើនការផ្លាស់ប្តូរបទពិសោធន៍ និងការធ្វើពាណិជ្ជកម្ម នៃផលិតផលកសិកម្មនាពេលខាងមុខ ឲ្យបានប្រសើរ ដើម្បីឈានទៅដល់ការបង្កើនបរិយាកាសជំនឿទុកចិត្ត និងការរឹតចំណងមិត្តភាពរវាងប្រជាជនទាំងពីរ និងរាជរដ្ឋាភិបាលទាំងពីរ សំខាន់បំផុតនោះសហរដ្ឋអាមេរិក ចង់ឃើញភាពខ្លាំងរបស់កម្ពុជា លើវិស័យសេដ្ឋកិច្ចនាពេលអនាគត៕