(ភ្នំពេញ)៖ ស្ពានបាឡេថ្មី ឆ្លងកាត់ទន្លេសាប ពីចំណុចឃ្លាំងស្តុកប្រេងសូគីម៉ិច ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ ឆ្ពោះមកកាន់តំបន់អភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វា ខណ្ឌជ្រោយចង្វា បានបើកសម្ពោធដាក់ឲ្យចរាចរណ៍ជាផ្លូវការ នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះហើយ ក្រោយពីបានដំណើរការសាងសង់ អស់រយៈពេល៦ខែ កន្លងមកនេះ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧកញ៉ា ពង់ ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ព្រមទាំងមានការចូលរួមពីអាជ្ញាធរដែនដីខណ្ឌទាំង២ និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ជាច្រើនរូបទៀត។
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ពានបាឡេឆ្លងកាត់ទន្លេសាប បានបញ្ចប់ការសាងសង់កាលពីថ្ងៃទី០៥ ខែឧសភា និងបានសាកល្បងធ្វើតេស្តទ្រទម្ងន់នៃស្ពាន ដើម្បីធានាសុវត្ថិភាពនៃការធ្វើចរាចរណ៍ ការដំឡើងស្លាកសញ្ញាចរាចរណ៍ ការលាបគំនូសចរាចរណ៍ និងដំឡើងភ្លើងស្តុបថ្មី ដែលឈានទៅដាក់ឲ្យដំណើរការធ្វើចរាចរណ៍នៅថ្ងៃនេះ។
អ្នកឧកញ៉ា ពង់ ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានបញ្ជាក់ថា ស្ពានបាឡេថ្មីនេះមានទទឹង១២ម៉ែត្រ និងបណ្ដោយ ៥០០ម៉ែត្រ ដោយចំណាយថវិកាសាងសង់ ចំនួន៩លានដុល្លារ ប្រើពេលសាងសង់៦ខែ។ ពេលដំណើរការ រថយន្តទម្ងន់លើសពី១៥តោន និងមានកម្ពស់លើស ២,៨ម៉ែត្រ មិនអនុញ្ញាតឲ្យឆ្លងកាត់ឡើយ៕