(ភ្នំពេញ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា អគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋលក់ដូរភេសជ្ជៈយីហោ «ស៊ែរ អ៊ី ប៉ាន់យ៉ាប» នៅផ្លូវលេខ១៣០ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ បានបណ្តាលឲ្យស្លាប់នារីវ័យក្មេងម្នាក់ និងរងរបួសមនុស្សចំនួន៤នាក់ ព្រមទាំងបំផ្លាញសម្ភារមួយចំនួនផងដែរ។
បើតាមសេចក្ដីរាយការណ៍ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ បណ្ដាលមកពីផ្ទុះកំប៉ុងហ្គាស ហើយសមត្ថកិច្ចប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ដើម្បីជួយសង្គ្រោះ។
ជនរងគ្រោះដែលត្រូវភ្លើងឆេះស្លាប់នោះមានឈ្មោះ អ៊ិន ស្រីម៉ៅ អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង។ ដោយអ្នករងរបួសចំនួន៤នាក់ មានជនជាតិបរទេស៤នាក់ និងខ្មែរ២នាក់ ព្រមទាំងសម្ភារមួយចំនួនផងដែរ។
ភ្នាក់ងារ Fresh News ដែលបានចុះទៅយកព័ត៌មានផ្ទាល់ នៅកន្លែងកើតហេតុ បានបញ្ជាក់ថា ប្រតិបត្តិការជួយសង្គ្រោះនេះក៏មានវត្តមាន លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ បានចុះទៅដឹកនាំកម្លាំងបាញ់ពន្លត់ភ្លើងផងដែរ៕