(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃអង្គារ ០៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ បានប្រារព្ធពិធីអបអរសាទរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា លើកទី១៥៥ យ៉ាងមហោឡារឹក ក្រោមប្រធានបទ «កាកបាទក្រហមមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិននរណាម្នាក់ចោល»។
ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរដ្ឋទូត រាជទូត ដែលកំពុងបំពេញការងារនៅក្នុងប្រទេសកម្ពុជា ភ្ញៀវជាតិ អន្តរជាតិ។ អ្នកឧកញ៉ា ឧកញ៉ា ដែលជាអ្នកសម្បូរធនធាន ព្រមទាំងសិល្បករ សិល្បការិនី និងមហាជនយ៉ាងច្រើនករ។
ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបាន និងកៀរគររកមូលនិធិ ដើម្បីបន្ដប្រតិបត្ដិការមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។
សម្រាប់ការប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមឆ្នាំ២០១៨ ក្រោមប្រធានបទ «កាកបាទក្រហមមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិននរណាម្នាក់ចោល» ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បញ្ជាក់ថា មានគោលបំណងរំលេចអំពីយន្តការបំពេញការងាររបស់កាកបាទក្រហមកម្ពុជាដែលមានសាខា អនុសាខា និងកម្លាំងអ្នកស្ម័គ្រចិត្តជាង ៣ម៉ឺននាក់ ដែលកំពុងពង្រាយខ្លួនបំពេញបេសកកម្ម ដោយស្ម័គ្រចិត្ត និងស្នាមញញឹមនៅគ្រប់ទីកន្លែង ដែលត្រូវការឲ្យជួយសង្គ្រោះ។
ក្នុងពិធីនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់កាកបាទក្រហមកម្ពុជាក្នុងសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋខ្មែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរដល់សម្បុរសជននានា ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីទ្រទ្រង់ដល់សកម្មភាពកាកបាទក្រហមកម្ពុជា។
សម្តេចបានគូសបញ្ជាក់ថា ការដែលកាកបាទក្រហមទទួលបានការជឿជាក់ និងទទួលបានការគាំទ្រច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ក៏ព្រោះតែ កាកបាទក្រហមកម្ពុជា បានបំពេញការងារមានប្រសិទ្ធភាព និងចំគោលដៅ។ មួយវិញទៀត ដោយសារតែសប្បុរសជនដែលមានធនធាន សុទ្ធសឹងជាអ្នកធ្លាប់ឆ្លងកាត់ដំណាក់កាលក្រលំបាក ពេលប្រទេសកម្ពុជាជួបវិបត្តិដោយភ្លើងសង្គ្រាម។
ក្នុងទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមលើកទី១៥៥ ដែលប្រារព្ធឡើងយ៉ាងមហោឡារឹកនាព្រឹកមិញនេះ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានព្រះរាជទានថវិកា ៤ម៉ឺនដុល្លារអាមេរិកដល់កាកបាទក្រហមកម្ពុជា។
ក្រៅពីព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ គេក៏ឃើញមានការចូលរួមបរិច្ចាគថវិកាយ៉ាងច្រើនពីសំណាក់មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ក្រុមអ្នកមានធនធានក្រាក់ៗ សិល្បករ សិល្បការិនី និងបណ្តាក្រុមហ៊ុនឯកជននានា ដែលកំពុងរកស៊ីនៅកម្ពុជា។ ថវិកាដែលសប្បុរសជនបានបរិច្ចាគសម្រាប់ទ្រង់សកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមនាព្រឹកនេះមានចំនួនជាង ១៨លានដុល្លារអាមេរិក។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងក្នុងពិធីនេះថា ការចូលរួមចំណែកពីសម្បុរសជនគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស បានធ្វើឲ្យកាកបាទកម្ពុជា មានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការដោះស្រាយសេចក្តីត្រូវការជាក់ស្តែងរបស់អ្នករងគ្រោះ និងអ្នកងាយរងគ្រោះបំផុតនៅតាមសហគមន៍។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បាននិងកំពុងបន្តអនុវត្តយុទ្ធសាស្ត្រឆ្នាំ២០១១-២០២០ របស់ខ្លួនផ្តោតលើវិស័យស្នូលទាំង៤ គឺគ្រប់គ្រងគ្រោះមហន្តរាយ អប់រំ ថែទាំសុខភាពតាមសហគមន៍ លើកកម្ពស់តម្លៃមនុស្សធម៌ និងអភិវឌ្ឍស្ថាប័ន។
សម្តេចប្រកធានកាកបាទក្រហមកម្ពុជា ហើយត្រូវបានគេប្រសិទ្ធនាមថាមាតាមនុស្សធម៌នោះ ក៏បានឲ្យដឹងផងដែរពីសមិទ្ធផលសំខាន់ៗមួយចំនួនដែលកាកបាទក្រហមកម្ពុជាសម្រេចបាននៅក្នុងឆ្នាំ២០១៧កន្លងទៅ។
ក្នុងនោះកាកបាទក្រហមបានធ្វើសកម្មភាពមនុស្សធម៌ជួយសាងសង់អណ្តូងទឹកចំនួន៤៣៣ ជូនប្រជាពលរដ្ឋតាមជនបទដាច់ស្រយាលជាងមួយម៉ឺនគ្រួសារ, ជួយឧបត្ថម្ភជាស្បៀង សម្ភារៈ និងថវិកា ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត គឺចាស់ឥតទីពឹង កុមារកំព្រា កុមាខ្សោយសតិបញ្ញា ស្ត្រីមេម៉ាយ អ្នកពិការ អ្នករស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺរាំរ៉ៃជាង ១០ម៉ឺនគ្រួសារ, ជួយបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមដល់បុគ្គលិកវិស័យឯកជន ១,៣២៩នាក់ និងអ្នកស្ម័គ្រចិត្ត ៥១៦នាក់ ព្រមទាំងបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរាប់ពាន់នាក់, អប់រំចំណេះដឹងស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកជូនសិស្ស-និស្សិត មន្រ្តីរាជការ ប្រជាពលរដ្ឋប្រមាណ ៧ម៉ឺននាក់, យុវជនកាកបាទក្រហមកម្ពុជាជាង ២ម៉ឺននាក់ទូទាំងប្រទេស តែងតែចូលរួមក្នុងសកម្មភាពមិត្តអប់រំមិត្ត សំអាងបរិស្ថាន ដាំដើមឈើ បរិច្ចាគឈាម។ល។
កាកបាទក្រហមបានចុះអប់រំប្រជាពលរដ្ឋតាមតំបន់ព្រំដែនជាងមួយម៉ឺនគ្រួសារ ទទួលបានសារគន្លឹះអប់រំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះក្នុងពេលដែលប្រជាពលរដ្ឋ ២៩៤គ្រួសារ ទទួលបានប្រាក់កម្ចីឥតមានការប្រាក់ធ្វើជាដើមទុនប្រកបមុខរបរមានជីវភាពប្រសើរឡើង។
បើតាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រៅពីសមិទ្ធផលសំខាន់ៗទាំងនេះ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាចាប់តាំងពីឆ្នាំ២០១២មកក្នុងមួយឆ្នាំ ១លានដុល្លារ និងបានជួយសាងសង់ និងជួសជុលលំនៅឋានបានរាប់រយខ្នង ធ្វើបង្គន់អនាម័យ បានរាប់ពាន់បន្ទប់ ផ្តល់ស៊ីទែនទឹក និងធុចម្រោះទឹកជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា និងបានជួយស្វែងរកគ្រួសារដែលបែកគ្នាជាង ៤០ឆ្នាំ ឲ្យបានជួបជុំគ្នាឡើងវិញ បានជួយសាងសង់អគារសិក្សា អគារស្នាក់នៅ នៅតាមអង្គការ សមាគម និងមណ្ឌលកុមារកំព្រាមួយចំនួនទៀត៕