(ភ្នំពេញ)៖ លោក គង់ វុទ្ធី អនុប្រធានសាខាផែស្ងួតចុងទីភ្នំពេញ បានបន្តយកចិត្តទុកដាក់ដល់សុខភាពប្រជាពលរដ្ឋ លើការបរិភោគប្រចាំថ្ងៃ ដោយបានដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យ និងស្វែងរកសារធាតុហាមឃាត់ លើចំណីអាហារ បន្លែ ផ្លែឈើ និងគ្រឿងឧបភោគបរិភោគ ក្នុងផ្សារដើមគរ និងណែនាំបន្ថែមដល់អាជីវករ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ។
កិច្ចប្រតិបត្តិការចុះត្រួតពិនិត្យនេះ គឺតែងធ្វើជាប្រចាំនៅតាមផ្សារក្នុងរាជធានីភ្នំពេញ ដោយមានការយកចិត្តទុកដាក់ និងតាមការណែនាំពីប្រធានប្រតិភូ ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ជាពិសេសមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋ។
លោក គង់ វុទ្ធី បានធ្វើការណែនាំដល់បងប្អូនអាជីវករទាំងអស់រាល់បន្លែ ផ្លែឈើ និងចំណីអាហារ សូមកុំដាក់បន្ថែមនូវសារធាតិគីមីហាមឃាត់ផ្សេងៗ ដែលបង្កផលប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់ ជាពិសេសខ្លួនយើងផ្ទាល់ក៏អាចប្រឈមទៅសារធាតុទាំងនោះ ហើយពេលមានបញ្ហា គឺអាចទទួលខុសត្រូវចំពោះមុខច្បាប់ និងធ្វើយ៉ាងណាណែនាំបន្ត ដល់អ្នកចែកចាយ ឬបោះដុំផងដែរ។
ជាមួយនឹងការលេចចេញនូវព័ត៌មានដ៏ភ្ញាក់ផ្អើល និងមិនគួរឲ្យជឿក្នុងបណ្តាញសង្គមនានា ក៏ដូចជា Facebook ផងនោះ ពាក់ព័ន្ធទៅនឹងការចាប់កាហ្វេ ដែលផលិតពីថ្មពិលនៅប្រទេសវៀតណាម លោកក៏បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ជាពិសេសផលិតផលនាំចូលត្រូវមានប្រភពច្បាស់លាស់។
លោក គង់ វុទ្ធី បានឲ្យដឹងថា ក្រុមការងាររបស់លោក បានយកទំនិញចំនួន២៥គំរូ ទៅពិនិត្យក្នុងរថយន្តឡាបូ ដោយរកពុំឃើញមានសារធាតុអ្វីទេ៕