(កំពង់ធំ)៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីប្រកាសតែងតាំងលោក ឡាយ ស៊ីលី ឱ្យចូលកាន់មុខតំណែងថ្មី ជាអភិបាលរងស្រុកស្ទោង និងលោក គី សាវុធថា ជាអភិបាលរងស្រុកកំពង់ស្វាយ ពិធីនេះប្រព្រឹត្តឡើងក្រោមវត្តមានលោក សុខ លូ អភិបាលខេត្តកំពង់ធំ។
នៅក្នុងឱកាសនោះលោក សុខ លូ បានដាស់តឿនឱ្យលោកអភិបាលរងស្រុកទាំងពីរ ដែលទើបចូលកាន់មុខតំណែងថ្មី ត្រូវខិតខំរៀនសូត្រ នូវចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗផ្សេងទៀត ដើម្បីបង្កើននូវសមត្ថភាព ក្នុងការបំពេញបេសកកម្មបម្រើការងារ ជូនប្រជាពលរដ្ឋប្រកបដោយ ការទទួលខុសត្រូវខ្ពស់ និងប្រកាន់ខ្ជាប់នូវឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈជាមន្ត្រីរាជការ ដោយគោរពនូវតួនាទី ភារកិច្ចរបស់ខ្លួន។
លោកអភិបាលខេត្ត ក៏បានជំរុញឱ្យអភិបាលរងទាំងពីរ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពវិន័យ បទបញ្ជា អនុវត្តតាមសេចក្តីណែនាំ និងអនុសាសន៍របស់ថ្នាក់ដឹកនាំ បន្តការខិតខំប្រឹងប្រែងធ្វើការងារ និងស្វែងយល់ពីរបៀបរបបការងារអភិវឌ្ឍន៍ថ្មីៗថែមទៀត ប្រកបដោយតម្លាភាព គុណភាព តាមរយៈការផ្តល់នូវសេវាសាធារណៈជូនអ្នកទទួលយកសេវា ឱ្យបានឆាប់រហ័សដើម្បីឆ្លើយតបឱ្យទាន់ពេលវេលាទៅ តាមសេចក្តីត្រូវការរបស់អ្នកទទួលសេវា សំដៅបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើន ជឿនលឿន ឱ្យបានឆាប់រហ័ស។
ទទឹមនឹងនេះលោក អភិបាលខេត្ត ក៏បានជំរុញឱ្យកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវរៀបចំឥរិយាបថឱ្យបានសមរម្យ ថ្លៃថ្នូរខិតខំអនុវត្ត នូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពភាពរបស់រាជរដ្ឋាភិបាល ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ត្រូវយកចិត្តទុកដាក់បង្ក្រាបរាល់ បទល្មើសនានាដូចជា៖ បទល្មើសនេសាទ បទល្មើសព្រៃឈើ បញ្ហាគ្រឿងញៀន អំពើចោរកម្ម លួច ឆក់ ប្លន់ជាដើម ដើម្បីឱ្យប្រជាពលរដ្ឋបានរស់នៅ បានសុខដុមរមនា និងជំរុញថ្នាក់ដឹកនាំមន្ទីរអង្គភាព ខិតខំធ្វើអំពើល្អ ចុះមូលដ្ឋានកើនឱ្យបានឡើងទ្វេដង ដើម្បីសាកសួរសុខទុក្ខប្រជាពលរដ្ឋ ស្តាប់នូវសំណូមពររបស់ពួកគាត់ និងទទួលយកបញ្ហាដែលពួកគាត់បានជួបប្រទះ ដើម្បីធ្វើការដោះស្រាយបានទាន់ពេលវេលាផងដែរ។
លោក ឡាយ ស៊ីលី និងលោក គី សាវុធថា ដែលទើបតែប្រកាសឡើងកាន់តំណែង បានប្តេជ្ញាចិត្តស្មោះត្រង់ ចំពោះរាជរដ្ឋាភិបាល គោរព និងខិតខំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល បន្តនិរន្តរភាពការងារក្នុងរដ្ឋបាលស្រុក ប្រកាន់ភ្ជាប់នូវគុណធម៌ យុត្តិធម៌ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីបង្កើនការអភិវឌ្ឍក្នុងមូលដ្ឋានឱ្យមានការរីចម្រើនថែមទៀត និងប្តេជ្ញាបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋដោយមិនមានភាពរើសអើង៕