(ភ្នំពេញ)៖ ដោយសារតែអស់ក្តីសង្ឃឹមទាំងស្រុងថា សពបក្សសង្គ្រោះជាតិ មិនអាចត្រូវបាន ប្រស់ឱ្យរស់ឡើងវិញ ទោះជាមានកិច្ចខិតខំប្រឹងប្រែងពីចៅហ្វាយនាយបរទេសរបស់ខ្លួន ក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់ និងសង្គមស៊ីវិលស៊ីឈ្នួលបរទេសមួយចំនួន បាននិងកំពុងតែបំពុលប្រជាពលរដ្ឋតាមរយៈការអំពាវនាវដោយខុសច្បាប់ទៅប្រជាពលរដ្ឋ កុំឱ្យទៅបោះឆ្នោត នាថ្ងៃទី ២៩ខែកក្កដា ឆ្នាំ ២០១៨ និងព្យាយាមបកស្រាយដោយខុសពីការពិតថាបើអ្នកទៅបោះឆ្នោតមិនបាន ដល់៥០% នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតនោះនឹង ធ្វើឱ្យមានវិបត្តិនយោ បាយធ្ងន់ធ្ងរ និងមានសម្ពាធនយោបាយកាន់តែខ្លាំង។
នេះគឺជាយុទ្ធសាស្ត្របំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់ និងសង្គមស៊ីវិលមួយចំនួន ស្ថិតក្រោមឥទ្ធិពលនៃទឹកប្រាក់របស់បរទេស មួយចំនួនដឹកមុខដោយ គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល និងជាប្រធានអង្គការអាន់ហ្វ្រែលមានមូលដ្ឋាននៅទីក្រុងបាងកក និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើការងារបោះឆ្នោតប្រថាប់ត្រាឱ្យក្រុមប្រឆាំង បាននិងកំពុងធ្វើក្នុងចេតនាប្រឆាំងនឹងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងវិបុលភាពនៃប្រជាជាតិខ្មែរ។
ក្រោមការរៀបចំផែនការ និងគាំទ្រថវិកាពីចៅហ្វាយនាយបរទេសដែលមិនចង់ឱ្យកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍ ក្រុមប្រឆាំងនិងសង្គមស៊ីវិលខ្លះ ត្រូវបានគេដឹងថា បានរៀបចំផែនការយ៉ាងលម្អិតជាមួយគ្នា ដើម្បីបំផ្លាញការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ខាងមុខ ព្រោះពួកគេដឹងថា គ្មានលទ្ធភាពណាមួយដែលអាចឱ្យខ្មោច បក្សសង្គ្រោះជាតិ រស់ឡើងវិញបានដើម្បីចូលរួមការបោះឆ្នោតដូចអ្វីដែលពួកគេសង្ឃឹមនោះទេ។ គ្មានសង្ឃឹមដោយសារតែគណបក្សសង្គ្រោះជាតិ ប្រព្រឹត្តកំហុសធ្ងន់ធ្ងរប្រឆាំង នឹងច្បាប់ស្តីពីគណបក្សនយោបាយ ទទួលការបង្គាប់បញ្ជាពីបរទេស ដែលត្រូវបានរំលាយច្បាប់ក្រោមការសម្រេចរបស់តុលាការកំពូល ហើយមេដឹកនាំនៃអតីតបក្សនេះក៏កំពុងជាប់ឃុំ និងអ្នកខ្លះទៀតកំពុងរត់ចោលស្រុកដោយសារតែប្រព្រឹត្ត អំពើក្បត់ជាតិ និងក្បត់ប្រជាជនខ្លួនឯង។
កាលពេលថ្មីៗនេះ គល់ បញ្ញា តាមរយៈកម្មវិធីសំឡេងសង្គមស៊ីវិលរបស់ខ្លួនបានបំភិតបំភ័យ បំភាន់និងបំផ្លើសថា ប្រសិនបើអ្នកទៅបោះឆ្នោតនាពេលខាងមុខ មិនមានចំនួនច្រើន មិនដល់ ៥០% ឬមានចំនួនតិចជាងនេះ នោះលទ្ធផលបោះឆ្នោតនឹងមិនត្រូវបានទទួលស្គាល់ពីសហគមន៍អន្តរជាតិ ហើយរដ្ឋសភា និងរាជរដ្ឋាភិបាលដែលកើតចេញ ពីការបោះឆ្នោតនោះ នឹងមិនមានភាពស្របច្បាប់ឡើយ ព្រោះមិនតំណាងឱ្យឆន្ទៈប្រជាពលរដ្ឋ។
អ្វីដែល គល់ បញ្ញា និងក្រុមសង្គមស៊ីវិលមួយចំនួនដែលដើរតួនាទីជាអ្នកនាំពាក្យក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់ បានលើកឡើងនេះគឺគ្រាន់តែជាការបន្ទរសំឡេងតាម ក្រុមជនក្បត់ជាតិមួយចំនួន ជាចេតនាបំផ្លាញការបោះឆ្នោតយ៉ាងពិតប្រាកដស្របតាមផែនការរបស់មេចលនាឧទ្ទាមខុសច្បាប់ សម រង្ស៊ី ហើយក៏ជាការញុះញង់ឱ្យប្រជាពលរដ្ឋ កុំទៅបោះឆ្នោត តាមឆន្ទៈរបស់ខ្លួនដោយញុះញង់អ្នកដែលធ្លាប់គាំទ្រគណបក្សប្រឆាំងកុំទៅបោះឆ្នោត ប្រសិនបើអតីតបក្សសង្គ្រោះជាតិមិនមានវត្តមាននៅក្នុងការបោះឆ្នោតទេនោះ។
គេនៅចាំបានថា នៅក្នុងការបោះឆ្នោតនាពេលកន្លងទៅ គល់ បញ្ញា និងអង្គការខុមហ្វ្រែលព្រមទាំងក្រុមអង្គការសង្គមស៊ីវិលកម្ពុជា និងបរទេសមួយចំនួន ដែលអះអាងថា ខ្លួនជាស្ថាប័នឯករាជ្យ អព្យាក្រឹត្យ និងធ្វើការប្រកបដោយវិជ្ជាជីវៈ ប៉ុន្តែជាក់ស្តែងអង្គការទាំងនេះធ្លាប់ប្រើឧបាយកលទុច្ចរិត បម្រើមហិច្ចតានយោបាយឱ្យគណបក្សប្រឆាំង ដោយមានការឃុបឃិតជាមួយអង្គការបរទេសមួយចំនួនទៀតនៅក្នុងការបំភ្លៃការពិតនិងប្រឌិតទិន្នន័យ ដើម្បីបំពុលនិងបង្ខូចបរិយាកាស បោះឆ្នោត និងបដិសេធលទ្ធផលនៃការបោះឆ្នោត នាពេលកន្លងមក ដូចជាបានប្រឌិតទិន្នន័យថា អ្នកបោះឆ្នោតជាង ១,២៥ លាននាក់ពុំមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ចំណែកវិទ្យាស្ថាន NDIក៏បានប្រឌិតថា អ្នកបោះឆ្នោតជាង ១,០៤ លាន នាក់ពុំមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលទិន្នន័យនេះបង្ហាញពីភាពស៊ីសង្វាក់គ្នារវាងអង្គការទាំងពីរ។
ជាងនេះទៀត មួយថ្ងៃមុនថ្ងៃបោះឆ្នោត ដែលជាថ្ងៃស្ងប់ស្ងាត់ អង្គការ COMFREL បានបញ្ចេញព័ត៌មានបំផ្លើសថា ទឹកខ្មៅសម្រាប់ជ្រលក់ម្រាមដៃសម្គាល់អ្នកបោះឆ្នោតរួច គឺជាទឹកខ្មៅដែលអាចលាងសម្អាតចេញបានក្នុងរយៈពេល តែប៉ុន្មាននាទីប៉ុណ្ណោះ។ នេះជាលើកទីមួយហើយ ដែលបញ្ហាទឹកខ្មៅត្រូវបានលើកឡើងនៅមុនពេលបោះឆ្នោតឆ្នាំ២០១៣។ ការអះអាងនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដោយមានចេតនាធ្វើឱ្យមហាជនយល់ច្រឡំនិងសង្ស័យថា អ្នកបោះឆ្នោតម្នាក់អាចបោះឆ្នោតបានច្រើនដង។
នេះគឺជាការវាយប្រហារផ្នែកចិត្តសាស្ត្រ ដែលជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់អ្នកបោះឆ្នោត ឱ្យមានសមានចិត្តនិងងាកមកបោះឆ្នោតឱ្យគណបក្សប្រឆាំងវិញ ឬធ្វើឱ្យមហាជនមានមន្ទិលសង្ស័យ ចំពោះដំណើរការនិងលទ្ធផលនៃការបោះឆ្នោត ពីព្រោះពួកគេអាចជឿថា គណបក្សប្រជាជនប្រើល្បិចបន្លំសន្លឹកឆ្នោត។ កលល្បិចនេះ គឺជាផែនការរៀបចំទុកជាមុន ហើយធ្វើឡើងតែមួយថ្ងៃមុនថ្ងៃបោះឆ្នោត ដើម្បីជួយគណបក្សប្រឆាំងឱ្យទទួលបានជ័យជំនះនៅថ្ងៃបោះឆ្នោត ឬអាចទុកប្រើប្រាស់ជាលេស ដើម្បីតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតនៅពេលចាញ់ឆ្នោត។ តាមពិតទឹកខ្មៅនេះត្រូវបានទទួលស្គាល់គុណភាពនិងប្រើប្រាស់សម្រាប់សម្គាល់អ្នកបោះឆ្នោតរួច ដោយប្រទេសជាច្រើន ដូចជា ឥណ្ឌា អាហ្វហ្គានីស្ថាន សឹង្ហបុរី ថៃ ម៉ាឡេស៊ី អាហ្រ្វិកខាងត្បូង នីហ្សេរីយ៉ា ជាដើម។
បន្ទាប់ពីថ្ងៃរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតឆ្នាំ២០១៣ អង្គការ COMFREL បានប្រកាសថាខ្លួនគណនាឃើញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេង៤៩,៤៩% នៃសំឡេងឆ្នោតសរុប ហើយគណបក្សសង្គ្រោះជាតិ ទទួលបានសំឡេង ៤៣,០៥%។ យោងតាមការគណនានេះ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៧ អាសនៈ ចំណែកគណបក្សសង្គ្រោះជាតិទទួលបាន ៥៦ អាសនៈ។ ការគណនាខុសគ្នា ០១ អាសនៈ របស់អង្គការ COMFREL គឺដោយសារមានទិន្នន័យបណ្តោះអាសន្នខុសគ្នា នៅខេត្តក្រចេះ។ អង្គការ COMFREL អាចគណនាចំនួនអាសនៈសរុបទូទាំងប្រទេសរបស់គណបក្សនីមួយៗ តាមទម្រង់បែបបទ ១១០៤ ដែលអ្នកសង្កេតការណ៍របស់ខ្លួន បានទទួលពីការិយាល័យបោះឆ្នោត ឬតាមទម្រង់បែបបទ១១០២ ដែលបានបិទនៅតាមការិយាល័យបោះឆ្នោត។ អង្គការ COMFREL បានប្រកាសលទ្ធផលបោះឆ្នោត ដែលផ្ទុយនឹងផែនការបដិសេធលទ្ធផលនៃការបោះឆ្នោត ប៉ុន្តែលទ្ធផលនេះត្រូវបានចែកផ្សាយលើគេហទំព័រផ្សេងៗ ហើយកាសែត ខេម បូឌាដេលី ក៏បានចុះផ្សាយរួចហើយដែរ។ ភ្លាមៗនោះ អង្គការ COMFREL ក៏បានដកតួលេខផ្សព្វផ្សាយនេះ ចេញពីគេហទំព័ររបស់ខ្លួនវិញ ដើម្បីគាំទ្រការប្រឌិតលទ្ធផលនៃការបោះឆ្នោត របស់គណបក្សសង្គ្រោះជាតិដែលថាខ្លួនបានឈ្នះការបោះឆ្នោត។
ស្ទើរគ្រប់វេទិកាសាធារណៈ គណបក្សប្រឆាំងបានប្រើប្រាស់ទិន្នន័យប្រឌិតរបស់អង្គការ COMFREL និង វិទ្យាស្ថាន NDI ដែលចោទថា គ.ជ.ប. បានលុបឈ្មោះអ្នកគាំទ្រគណបក្ស ប្រឆាំងរាប់លាននាក់ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលធ្វើឱ្យគណបក្សសង្គ្រោះជាតិចាញ់ឆ្នោត។ មេដឹកនាំគណបក្សប្រឆាំង សម រង្ស៊ី និងកឹម សុខា បានបំផ្លើសការពិតនៃលទ្ធផលបោះឆ្នោតថា គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ដោយសារការលួចបន្លំ ហើយ តាំងខ្លួនជាអ្នករកយុត្តិធម៌ជូនម្ចាស់ឆ្នោត។
គណបក្សនេះក៏បានញុះញង់ និងកៀរគរប្រជាពលរដ្ឋ ឱ្យចូលរួមបាតុកម្មមួយ ដែលគេហៅថា «មហាបាតុកម្មសម្តែងឆន្ទៈរបស់ម្ចាស់ឆ្នោត» ដែលក្រោយមកគេដឹងថានេះ គឺជាផែនការបំផ្ទុះការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល និងមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងខ្លួនឯងឡើងដឹកនាំ ប្រទេសតាមបែបមធ្យោបាយមិនប្រជាធិបតេយ្យ។
នេះពិតជាទង្វើក្បត់ជាតិម្តងហើយម្តងទៀតរបស់ គល់ បញ្ញា និងអង្គការខុមហ្វ្រែល និងក្រុមអ្នកនយោបាយបក្សប្រឆាំងក្រៅច្បាប់ ហើយការឃុបឃិតគ្នាជាមួយយជនបរទេស គ្រោងបើកដំណើរការបន្ទប់តាមដានស្ថានការណ៍បោះឆ្នោតមានមូលដ្ឋាននៅទីក្រុងបាងកកប្រទេសថៃ ដើម្បីបំផ្លាញការបោះឆ្នោតគឺជាទង្វើ ដែលកំពុងតែសម្លាប់ដំណើរការ ប្រជាធិបតេយ្យ នៅកម្ពុជាយ៉ាងពិតប្រាកដ មិនអាចប្រកែកបានឡើយ ហើយនេះក៏ជាការធ្វើវិច្ឆេទកម្មនយោបាយ និងប្រឆាំងការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាគ្មានច្បាប់ណាមួយដែលបានកំណត់អំពីចំនួនពលរដ្ឋចេញទៅបោះឆ្នោតប៉ុន្មានភាគរយនៃអ្នកចុះឈ្មោះសរុប ទើបថា ការបោះឆ្នោតនោះបានការនោះទេ។ លើាសពីនេះ មន្ត្រីនៃគណៈកម្មាធិការរៀបចំការបោះឆ្នោតបានថ្លែងថា ពលរដ្ឋទៅបោះឆ្នោតតិចជាង ៥០% ក៏ការបោះឆ្នោតនៅតែមានភាពត្រឹមត្រូវតាមច្បាប់ ជានិច្ច។ លើសពីនេះទៀត ការបោះឆ្នោតនៅកម្ពុជាគ្មានច្បាប់ណា មួយដែលចែងថាមានភាពស្របច្បាប់ ទាល់តែមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិពីសហគមន៍អន្តរជាតិ ឬពីប្រទេសណាមួយឡើយ។
ដូច្នេះសូមក្រុមអ្នកនយោបាយប្រឆាំង និង គល់ បញ្ញា ព្រមទាំងអង្គការសង្គមស៊ី វិលនានាដែលកំពុងតែទទួលជំនួយថវិកាពីបរទេសដើម្បីបំភិតបំភ័យ និងបង្កើតស្ថានការណ៍អាប់អួរ មុនដំណើរការបោះឆ្នោតដើម្បីបម្រើមហិច្ឆតាបរទេស បំផ្លាញការបោះឆ្នោត និងបំផ្លាញជាតិខ្លួនឯង គួរតែបញ្ឈប់ជាបន្ទាន់ព្រោះអ្វីដែលអ្នកកំពុងធ្វើជាការប្រឆាំងនឹងច្បាប់ ប្រឆាំងផលប្រយោជន៍ជាតិ និងប្រឆាំងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ គណ បក្សនយោបាយនៅកម្ពុជាមានចំនួនច្រើនហើយបក្សប្រឆាំងក៏មានចំនួនច្រើនដែរ។
ដូច្នេះការលើកតម្កើងសពបក្សសង្គ្រោះជាតិជាតួឯក គឺគ្រាន់តែជារឿងនិទានអត់ស្តេចតែប៉ុណ្ណោះ។ អំពើក្បត់កម្ពុជា និងបំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋដែលគណបក្ស សង្គ្រោះជាតិ និងថ្នាក់ដឹកនាំរបស់ខ្លួន បានធ្វើនាពេលកន្លងមក គឺមានភស្តុតាងលើសលប់ក្នុងការឈានដល់ការសម្រេចរំលាយបក្សសាងគ្រោះឱ្យជាតិនេះ។ បរទេសមួយចំនួនដែលចូលចិត្តតាំង ខ្លួនជាម៉ែឪ ឬជាអនុត្តរភាពមកលើកម្ពុជា ក៏គួរបញ្ឈប់ពង្វក់ស្មារតី នៃអ្នកនយោបាយប្រឆាំងឱ្យឡើងកាន់អំណាចតាមការធ្វើបដិវត្តន៍ពណ៌បែបមិនប្រជាធិបតេយ្យបន្តទៅទៀតទៅ ហើយប្រជាជនកម្ពុជាក៏មានចំណេះដឹងគ្រប់គ្រាន់ដើម្បីវាយ តម្លៃលើស្ថានភាពនយោបាយពិតនៅកម្ពុជាដែរ។ ដូច្នេះការញុះញង់មិនឱ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត គឺគ្រាន់តែជាការអនុវត្តផែនការបំផ្លាញការបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ តែប៉ុណ្ណោះ ប៉ុន្តែប្រជាពលរដ្ឋខ្មែរដែលមានការចេះដឹងគ្រប់ជ្រុងជ្រោយ នឹងមិនជឿការតាម ញុះញង់របស់អស់លោកឡើយ ហើយគួរតែយកពេលវេលាដែលនៅសេសសល់បង្កើតគណបក្សនយោបាយថ្មី ចូលរួមប្រកួតក្នុងការបោះឆ្នោតខាងជាជាងដេករង់ចាំ ការរស់ឡើងវិញនៃខ្មោចបក្សសង្គ្រោះជាតិ ដែលមិនអាចនឹងក្លាយជាការពិតជាដាច់ខាត៕
ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨