(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងអាកាស ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស បានចូលរួមបរិច្ចាគថវិកាសប្បុរសធម៌ ជូនកាកបាទក្រហមកម្ពុជា។
ការបរិច្ចាគថវិកានេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងពិធីអបអរសាទរខួបទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល» ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
យោងតាមទិន្នន័យបណ្ដោះអាសន្ន ដែលបានប្រកាសនៅក្នុងពិធីនាព្រឹកមិញនេះ កាកបាទក្រហមកម្ពុជា ទទួលបានថវិកាសរុបពីសប្បុរសជននានា ចំនួន១៧,៧៣៦,៧១២ដុល្លារ និងលុយខ្មែរ ១១៨, ២៤២,៣០០,០រៀល សរុបបញ្ចូលគ្នាមានជាង ១៨លានដុល្លារ។
ថវិកាដែលបានបរិច្ចាគនោះ គឺបញ្ជាការដ្ឋានកងទ័ពជើងអាកាស និងនាយទាហាន ពលទាហានបានបរិច្ចាគមានចំនួន ៥.០០០ដុល្លារ។ នៅឆ្នាំ២០១៨នេះ ក្នុងពិធីអបអរសាទរខួបទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា កាកបាទក្រហមកម្ពុជា បានទទួលការបរិច្ចាគថវិកាជាង ១៨លានដុល្លារ (ទិន្នន័យបណ្ដោះអាសន្ន) ពីសប្បុរសជននានា។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សមិទ្ធផលដែលកាកបាទក្រហមកម្ពុជាសម្រេចបាន គឺបានមកពីការរួមសាមគ្គី នៃកម្លាំងមហាជន ហើយសម្ដេចបានស្ញប់ស្ញែងផងដែរ ចំពោះសប្បុរសជននានា រួមអ្នកទាំងវិនិយោគមកពីក្រៅប្រទេសផងដែរ ដែលបានបរិច្ចាគថវិការបស់ខ្លួន ជួយទ្រទ្រង់ដល់សកម្មភាព កាកបាទក្រហមកម្ពុជា៕