(ភ្នំពេញ)៖ ធនាគារស្ថាបនា នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ បានសម្ពោធដាក់ឲ្យដំណើរការនូវម៉ាស៊ីន អេធីអឹម (ATM) ប្រភេទថ្មីរបស់ខ្លួន នៅតាមបណ្ដាញសាខានានា និងនៅតាមទីសាធារណៈសំខាន់ៗ ទូទាំងប្រទេសកម្ពុជា ដើម្បីផ្ដល់ជូនអតិថិជននូវសេវាកម្មធនាគារ ដែលមានភាពងាយស្រូល និងភាពល្អប្រសើរជាងមុន។
លោក Norihiko Kato ប្រធាននាយកប្រតិបត្តិធនាគារស្ថាបនា បានថ្លែងថា «ធនាគារស្ថាបនា កំពុងតែធ្វើការវិនិយោគ លើបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត មានដូចជា ម៉ាស៊ីន អេធីអឹម ជាដើម ដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួន នូវសេវាកម្មធនាគារ ដែលមានភាពងាយស្រួលរហ័សទាន់ចិត្ត និងមានសុវត្ថិភាព ក្នុងការប្រើប្រាស់នៅទូទាំងកម្ពុជា»។
លោកបានបន្ថែមថា ម៉ាស៊ីន ATM ថ្មីនេះ អតិថិជនអាចដាក់ប្រាក់ចូលក្នុងគណនីរបស់ពួកគេ បានគ្រប់ពេលវេលា មិនថាក្រៅម៉ោងធ្វើការងារ ថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យជាតិឡើយ។ ម៉ាស៊ីន ATM ថ្មីរបស់ស្ថាបនានេះ អាចទទួលយកចំនួនក្រដាសប្រាក់ ដែលត្រូវដាក់បញ្ចូលបានចំនួនដ៏ច្រើន ជាមួយនឹងប្រព័ន្ធបច្ចេកវិជ្ជាដ៏ទំនើបបំផុត។
លោក Norihiko Kato បានបន្ដថា ម៉ាស៊ីន ATM ថ្មីនេះ អាចឲ្យអតិថិជន ធ្វើការដាក់ប្រាក់ ដកប្រាក់ ផ្ទេរប្រាក់ និងធ្វើប្រតិបត្តិការផ្សេងៗជាច្រើនទៀត បានតាមតម្រូវការ។ ម៉ាស៊ីន កែឆ្នៃសាច់ប្រាក់ថ្មីនេះ និងជួយកាត់បន្ថយ នូវការបញ្ចូលសាច់ប្រាក់ក្នុងម៉ាស៊ីន ATM ដែលវាអាចជួយធ្វើឲ្យប្រសើរឡើង នូវប្រសិទ្ធភាពនៃប្រតិបត្តិការរបស់ធនាគារ។
លោក Kokichi Murayama នាយកប្រតិបត្តិប្រតិបត្តិការ និងអ្នកគ្រប់គ្រងទូទៅក្រុមពាណិជ្ជកម្មសកល នៃក្រុមហ៊ុន Hitachi-Omron Terminal Solutions, Corp បានថ្លែងថា «នេះគឺជាលើកទី១ហើយ ដែលយើងណែនាំផលិតផលរបស់យើងនៅកម្ពុជា»។
លោក Kokichi Murayama បានបន្ថែមទៀតថា «យើងខ្ញុំពិតជាមានកិត្តិយសណាស់ ដែលបានធ្វើជាដៃគូជាមួយធនាគារស្ថាបនា ដើម្បីនាំមកនូវ ម៉ាស៊ីន ATM និងសេវាកម្ម ផ្សេងៗទៀត របស់យើងខ្ញុំចូលមកក្នុងទីផ្សារកម្ពុជា»។
លោកបានបញ្ជាក់ថា ពិធីសម្ពោធដាក់ឲ្យដំណើរការ ម៉ាស៊ីន ATM ប្រភេទថ្មី គឺជាគំនិតផ្តួចផ្តើមមួយរបស់ធនាគារស្ថាបនា ក្នុងការនាំយកបច្ចេកវិទ្យាធនាគារ ដ៏ទំនើបចុងក្រោយបំផុត ចូលមកក្នុងទីផ្សារ ដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារ ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល។
សូមបញ្ជាក់ថា ធនាគារស្ថាបនា នឹងដាក់ឲ្យដំណើរការម៉ាស៊ីន ATM ថ្មីចំនួន៥០គ្រឿងបន្ថែមទៀត នៅទូទាំងប្រទេស ដែលធ្វើឲ្យចំនួនម៉ាស៊ីន ATM សរុបរបស់ខ្លួន កើនដល់១៥០គ្រឿង នៅក្នុងឆ្នាំនេះ៕