(បាត់ដំបង)៖ លោក ហូរិនូឈិ ហិដេហិសា (H.E Mr. Horinouchi Hidehisa) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងចាត់ទុកការបោសសម្អាតមីន គឺការងារមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីថែរក្សាសុវត្ថិភាពរបស់ប្រជាជន និងកសិករកម្ពុជា។
ការថ្លែងរបស់លោកឯកអគ្គរដ្ឋទូតជប៉ុនយ៉ាងដូច្នេះធ្វើឡើង នៅព្រឹកថ្ងៃ៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងក្នុងពិធីផ្ទេរ-ប្រគល់គ្រឿងចក្រ និងសម្ភារៈបោសសម្អាតមីន ដល់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ ខេត្តបាត់ដំបង ក្រោមអធិបតីភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត។
លោក ហូរិនូឈិ ហិដេហិសា បានថ្លែងយ៉ាងដូច្នេះថា «ការបោសសម្អាតមីន ពិតជាមានសារៈសំខាន់ ក្នុងការថែរក្សាសុវត្ថិភាពរបស់ប្រជាជន និងកសិករដែលរស់នៅ និងធ្វើការនៅជុំវិញចំការមីន ដែលអាចនាំឲ្យមានការរីកចម្រើន សេដ្ឋកិច្ចតាមរយៈការអភិវឌ្ឍជនបទ ហើយរដ្ឋាភិបាលជប៉ុនគាំទ្រយ៉ាងសកម្មក្នុងសកម្មភាពកំចាត់មីននៅកម្ពុជាតាំងពីឆ្នាំ១៩៩៨ ជាមួយនឹងជំនួយរបស់រដ្ឋាភិបាលជប៉ុន CMAC បាននឹងកំពុងជំរុញសកម្មភាពបោសសំអាតមីន យ៉ាងសកម្ម»។
លោកឯកអគ្គរដ្ឋទូតបានសង្ឃឹមយ៉ាងមុតមាំថា គ្រឿងចក្រនឹងសម្ភារៈបោសសំអាតមីន ដែលបានប្រគល់ទាំងនេះនឹងជួយឲ្យ CMAC អាចធ្វើសកម្មភាពបោសសំអាតមីនកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាពជាងមុនទៀត។ លោកក៏បានសំដែងនូវការគោរពយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ ផ្នែកហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជាដល់គម្រោងបោសនេះ ដែលបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្រជាតិ សកម្មភាពមីនឆ្នាំ២០២៥។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ក្នុងការផ្តល់ជំនួយដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា។ លោកបញ្ជាក់ថា ស៊ីម៉ាក់តែងតែទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាលជប៉ុន ក្នុងការផ្តល់សម្ភារៈបច្ចេកទេស ដើម្បីឱ្យស៊ីម៉ាក់សំរេចផែនការបានជោគជ័យ ជាពិសេសគ្រឿងចក្រកម្ទេចមីនធុនធ្ងន់ បានជួយពន្លឿនល្បឿន និងប្រសិទ្ធភាពនៃកិច្ចប្រតិបត្តិការថែមទៀត។
សូមជម្រាបថា សម្ភារៈបច្ចេកទេសបោសសម្អាតមីន ដែលត្រូវប្រារព្ធពិធីផ្ទេរ-ប្រគល់ក្នុងថ្ងៃទី៨ ខែឧសភានេះ រួមមាន៖ គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ចំនួន០៥គ្រឿង គ្រឿងបន្លាស់គ្រឿងចក្រ និងតង់ជំរកស្នាក់នៅអ្នកដោះមីនចំនួន៣៨តង់ សរុបទឹកប្រាក់មានចំនួន ៤៦៤.៣០០.០០០យ៉េន ឬជិត៥លានដុល្លារអាមេរិក។
សូមជម្រាបថា គិតពីឆ្នាំ១៩៩២ រហូតមកដល់ខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ ស៊ីម៉ាក់បានសំរេចលទ្ធផលដោយបានរុករក និងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សជាង៥១ម៉ឺនគ្រាប់ (៥១៧,០២៧គ្រាប់) មីនប្រឆាំងរថក្រោះជាង១ម៉ឺនគ្រាប់ (១០,៦៤៨គ្រាប់) គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ជាងពីរលានគ្រាប់ (២,៣០២,៥៦០គ្រាប់) សរុបរួមទាំងអស់ទាំងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជិត២,៧លានគ្រាប់ (២,៦៩៩,០៩២គ្រាប់)។ ក្នុងនោះបានធ្វើការបោសសម្អាតផ្ទៃមានមីន បានចំនួនជាង៩៤៣គីឡូម៉ែត្រក្រឡា៕