(ត្បូងឃ្មុំ)៖ ដើម្បីពង្រឹងកម្លាំងកៀរគរមហាជនយកឈ្នះ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ខាងមុខនេះ នៅទី៨ ខែឧសភា ឆ្នាំ២០១៨នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្តត្បូងឃ្មុំ បានចុះសំណេះសំណាល និងប្រកាសតែងតាំងសមាសភាពគណៈចលនាសាសនិកឥស្លាម នៅឃុំសង្កាត់ភូមិ និងសកម្មជន CPP ជាបងប្អូនខ្មែរឥស្លាម ទូទាំងស្រុកត្បូងឃ្មុំ នៅសាលប្រជុំគណបក្សប្រជាជនក្រុងសួង។
លោក ជាម ច័ន្ទសោភ័ណ បានកោតសរសើរ និងថ្លែងអំណរគុណដល់ សាសនិកឥស្លាមទាំងអស់ក្នុងខេត្តត្បូងឃ្មុំ និយាយដោយឡែក ទូទាំងប្រទេស និយាយជារួម ដែលតែងតែដឹងគុណក្រោយថ្ងៃរំដោះ៧មករា និងបន្តមើលឃើញយ៉ាងច្បាស់នូវការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន ការអភិវឌ្ឍគ្រប់វិស័យ សុខសន្តិភាពពេញលេញ ក្រោមដំបូលដ៏ត្រជាក់ក្នុងដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។
លោកបានទៀតថា ការមើលឃើញ និងគាំទ្ររបស់បងប្អូននោះ គឺពិតជាក់ស្តែងឡើងតាមរយៈសំឡេងបោះឆ្នោតគាំទ្ររបស់បងប្អូន សាសនិកឥស្លាមទាំងអស់ គឺទីណាមានបងប្អូន ទីនោះសំឡេងគាំទ្រមានច្រើនលើសលប់ ដែលនេះជាសក្ខីភាពរបស់បងប្អូន មានចំពោះគណបក្សប្រជាជនកម្ពុជា។
លោក ម៉ូត យូសុះ អ៊ីមាំខេត្ត និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្តត្បូងឃ្មុំ បានប្តេជ្ញាថា រូបលោករួមទាំងសាសនិកឥស្លាម ទូទាំងខេត្តត្បូងឃ្មុំទាំងអស់ គឺឈរលើមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ជ្រកក្រោមម្លប់ដ៏ត្រជាក់របស់គណបក្សប្រជាជន ជាពិសេសរួមគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាតែ១គត់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាពេលខាងមុខនេះ ។
ជាចុងក្រោយលោកប្រធានគណៈចលនា ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងសកម្មជនគ្រប់រូបបន្តសហការការងារពង្រឹងឱ្យបានកាន់តែខ្លាំងក្លាទ្វេឡើង ជាពិសេសកម្លាំងគណៈចលនា ត្រូវធ្វើកិច្ចសហការឱ្យស្អិតរមួត ជាធ្លុងមួយ និងឱ្យកាន់តែល្អប្រសើរ ជាមួយគណបក្សខេត្ត-ស្រុក-ភូមិ និងគ្រប់មូលដ្ឋានទាំងអស់ ក្នុងទិសដៅតែមួយសំដៅឆ្ពោះទៅដណ្តើមយកជ័យជំនះ ជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕