(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការសហជីព សមាគមនិយោជក (ត្រីភាគី) រួមជាមួយអង្គការអន្តរជាតិខាងការងារ (ILO) បាននិងកំពុងពិគ្រោះយោបល់ផ្លាស់មតិទៅវិញទៅមក លើសេចក្ដីព្រាងបទដ្ឋានគតិយុត្តថ្មីមួយ ហៅថា «ផែនទីបង្ហាញផ្លូវ សម្រាប់អនុវត្តន៍អនុសាសន៍របស់អង្គការ ILO ពាក់ព័ន្ធនឹងសេរីសមាគម» ក្នុងគោលបំណងលើកកម្ពស់សេរីភាពសមាគមនៅកម្ពុជា។
កិច្ចពិគ្រោះយោបល់នេះ បានធ្វើចំនួន២លើកមកហើយ រួមមាន៖
លើកទី១. ធ្វើឡើងនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ក្នុងនោះក្រសួងការងារបានរៀបចំនូវសេចក្ដីព្រាងផែនទីបង្ហាញផ្លូវ សម្រាប់អនុវត្តន៍សាសន៍របស់ ILO និងបានដាក់ជូនកិច្ចប្រជុំត្រីភាគី ដើម្បីពិនិត្យកែសម្រួល។ លើសពីនេះ ក្រសួងការងារបានបន្តទទួលមតិយោបល់ជាលាយលក្ខណ៍អក្សរពីភាគីពាក់ព័ន្ធ ដើម្បីឈានដល់ការសម្រេចបាននូវផែនទីបង្ហាញផ្លូវមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចទទួលយកពីគ្រប់ភាគីពាក់ព័ន្ធ។
លើកទី២. ក្រសួងការងារ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិ ដោយមានការចូលរួមពីសហជីព សមាគមនិយោជក និងអង្គការ ILO ស្ដីពីសេចក្ដីព្រាងផែនទីបង្ហាញផ្លូវ សម្រាប់អនុវត្តន៍អនុសាសន៍របស់អង្គការ ILO ពាក់ព័ន្ធនឹងសេរីភាពសមាគមខាងលើនេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកម្ពុជា-កូរ៉េ (CKCC) នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ម៉ម វណ្ណៈ រដ្ឋលឹខាធិការក្រសួងការងារ។
លោក ម៉ម វណ្ណៈ បានបញ្ជាក់ថា សិក្ខាសាលានេះ ធ្វើឡើងដើម្បីទទួលបានធាតុចូលកាន់តែគ្រប់ជ្រុងជ្រោយ និងធានាបានការអនុវត្តប្រកបដោយប្រសិទ្ធភាព បន្ទាប់ពីទទួលបានធាតុចូលពីភាគីពាក់ព័ន្ធ មុននឹងដាក់ជូនទៅអង្គការ ILO ដើម្បីពិនិត្យ និងផ្ដល់យោបល់។
បន្ទាប់ពីបានពិនិត្យលើសេចក្ដីព្រាងផែនទីបង្ហាញផ្លូវនេះ អង្គការ ILO បានស្នើឲ្យក្រសួងរៀបចំសិក្សាសាលាពិគ្រោះយោបល់ត្រីភាគី ក្រោមជំនួយបច្ចេកទេសពីអង្គការ ILO ដើម្បីពិនិត្យ និងប្រមូលធាតុចូលឲ្យកាន់តែគ្រប់ជ្រុងជ្រោយ និងពិភាក្សាលម្អិត សំដៅធានាដំណើរការនៃការអនុវត្តផែនទីបង្ហាញផ្លូវនេះ ប្រកបដោយប្រសិទ្ធភាព និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា ដើម្បីធានាការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការងារបានសិក្សា នឹងចាប់ផ្ដើមអនុវត្តអនុសាសន៍របស់អង្គការ ILO ដោយបានរៀបចំកិច្ចប្រជុំត្រីភាគី ដើម្បីពិនិត្យលើអនុសាសន៍ទាំងនេះ ព្រមទាំងពិភាក្សាលើសេចក្ដីព្រាងផែនទីបង្ហាញផ្លូវ សម្រាប់អនុវត្តអនុសាសន៍ទាំងនេះ៕