(បាត់ដំបង)៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២0១៨នេះ បានប្រារឰពិធីផ្ទេរ-ប្រគល់គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ និងតង់សំរាប់ជំរកស្នាក់នៅរបស់បុគ្គលិកដោះមីននៅទីវាល នៃគម្រោងសមាហរណកម្មបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី៣ ដែលជាអំណោយដ៏សប្បុរសធម៌ និងថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់គាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតមីន របស់ស៊ីម៉ាក់។
ពិធីផ្ទេរ-ប្រគល់នេះរៀបចំឡើងនៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ ខេត្តបាត់ដំបង ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា, លោក ហូរិនូឈិ ហិដេហិសា (H.E Mr. Horinouchi Hidehisa) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា និងលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងមន្ត្រីរាជរដ្ឋាភិបាល កម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរយនាក់។
ថ្លែងក្នុងឱកាសនោះ លោក ហេង រតនា បានបញ្ជាក់ថា «ថ្ងៃនេះជាសក្ខីភាពមួយទៀត ដែលប្រជាជន និងរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយដ៏មានសារៈសំខាន់ សម្រាប់វិស័យមីនផ្ដល់ជូនរាជរដ្ឋាភិបាល គាំទ្រសកម្មភាពស៊ីម៉ាក់បន្ថែមលើអ្វី ដែលរដ្ឋាភិបាលជប៉ុនធ្លាប់បានផ្តល់កន្លងមក។ ជាក់ស្ដែង សម្ភារៈបច្ចេកទេសបោសសម្អាតមីន ដែលត្រូវប្រារព្ធពិធីផ្ទេរ-ប្រគល់ក្នុងថ្ងៃនេះរួមមាន៖ គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ចំនួន០៥គ្រឿង គ្រឿងបន្លាស់គ្រឿងចក្រ និងតង់ជំរកស្នាក់នៅអ្នកដោះមីនចំនួន៣៨តង់ សរុបទឹកប្រាក់មានចំនួន ៤៦៤,៣០០,០០០យ៉េន ឬជិត៥លានដុល្លារអាមេរិក»។
អគ្គនាយករូបនេះបញ្ជាក់បន្ថែមថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្ដល់ជំនួយគាំទ្រ គម្រោងសមាហរណកម្មការបោសសម្អាតគ្រាប់មីន និងសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី៣ ជូនរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនស៊ីម៉ាក់មានថវិកាសរុបចំនួន១,៨១០លានយ៉េន ស្មើនឹង១៧.៩លានដុល្លារ សម្រាប់រយៈពេល០៣ឆ្នាំ (២០១៦-២០១៩) ដែលគម្រោងនេះមានគោលដៅសំខាន់ៗចំនួន៣គឺ៖
១៖ ធ្វើការបោសសម្អាតតំបន់ចម្ការមីនចំនួនជិត១ម៉ឺនហិកតា។
២៖ ជួយដល់ជនរងគ្រោះដោយសារមីន និងសហគមន៍តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ មានប្រព័ន្ធប្រឡាយ ស្ពាន លូ និងជីកស្រះជាដើម ព្រមទាំងការហ្វឹកហ្វឺនជំនាញកសិកម្ម និងការចិញ្ចឹមសត្វជាដើម។
៣៖ ទិញគ្រឿងចក្រកម្ទេចមីនធុនធ្ងន់ចំនួន០៥គ្រឿង គ្រឿងបន្លាស់គ្រឿងចក្រ និងតង់ជំរកស្នាក់នៅអ្នកដោះមីនចំនួន៣៨តង់។
លោក ហេង រតនា បានបញ្ជាក់ថា គម្រោងបោសសម្អាតមីន និងជួយសង្គ្រោះជនពិការ ដោយសារមីននេះត្រូវអនុវត្តក្នុងស្រុកគោលដៅចំនួន០៤ នៃខេត្តបាត់ដំបង ដែលជាស្រុកមានបញ្ហាគ្រាប់មីនច្រើនជាងគេរួមមាន៖ ស្រុកសំឡូត បាណន់ រតនមណ្ឌល និងស្រុកបរវេល។ គម្រោងនេះនឹងផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលចំពោះប្រជាពលរដ្ឋចំនួន៤៥,២៦១គ្រួសារ។
លោកបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ស៊ីម៉ាក់បានទទួលគ្រឿងចក្រកម្ទេចមីនធុនធ្ងន់សរុបចំនួន០៩គ្រឿង រួមទាំងគ្រឿងចក្រកម្ទេចមីនធុនធ្ងន់ ដែលត្រូវធ្វើប្រគល់ និងទទួលនៅថ្ងៃនេះ។ ការប្រើប្រាស់គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ គាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមពិតជាមានសារៈសំខាន់ណាស់ ជាពិសេសជួយបង្កើនប្រសិទ្ធភាព របស់អង្គភាពស៊ីម៉ាក់មានដូចខាងក្រោម៖
* បង្កើនសុវត្ថិភាពដល់អ្នកដោះមីន ក្នុងពេលកំពុងបំពេញប្រតិបត្តិការបោសសម្អាតមីន
* ពន្លឿនល្បឿនប្រតិបត្តិការ និងបង្កើនទិន្នផលខ្ពស់ ជាពិសេសចម្ការមីនមានភូមិសាស្ដ្រស្មុគស្មាញ ដូចជាព្រៃឬស្សី តំបន់ជំរាលភ្នំជាដើម។
* កាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
អគ្គនាយកស៊ីម៉ាក់ដដែលរូបនេះ បានបញ្ជាក់ទៀតថា គិតពីឆ្នាំ១៩៩២ រហូតមកដល់ខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ ស៊ីម៉ាក់បានសំរេចលទ្ធផលដោយបានរុករក និងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សជាង៥១ម៉ឺនគ្រាប់ (៥១៧,០២៧គ្រាប់) មីនប្រឆាំងរថក្រោះជាង១ម៉ឺនគ្រាប់ (១០,៦៤៨គ្រាប់) គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ជាងពីរលានគ្រាប់ (២,៣០២,៥៦០គ្រាប់) សរុបរួមទាំងអស់ទាំងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជិត២,៧លានគ្រាប់ (២,៦៩៩,០៩២គ្រាប់)។ ក្នុងនោះបានធ្វើការបោសសម្អាតផ្ទៃមានមីនបានចំនួនជាង៩៤៣គីឡូម៉ែត្រក្រឡា។
លោកបញ្ជាក់ថា តាមគម្រោងផែនការក្នុងឆ្នាំ២០១៨នេះ ស៊ីម៉ាក់នឹងធ្វើការបោសសម្អាតមីន ឲ្យបានប្រមាណជិត១២០គីឡូម៉ែត្រ៕